ខ្មែរប៉ុស្ដិ៍ Close

របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1264
របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់

ការតភ្ជាប់រវាងសមាហរណកម្មសេដ្ឋកិច្ច និងសន្តិសុខនយោបាយ បានទាក់ទាញចំណាប់អារម្មណ៍អស់រយៈពេលជាយូរមកហើយ។ ការធ្វើសមាហរណកម្មតាមរយៈការធ្វើទំនាក់ទំនាក់ពាណិជ្ជកម្មនិងការវិនិយោគបានបង្កើតឱ្យមានការពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែធំធេង និងកាន់តែធ្វើឱ្យមានការខាតបង់បើសិនជាមានជម្លោះកើតឡើង ដែលជាហេតុធ្វើឱ្យរដ្ឋនានាត្រូវព្យាយាមរក្សាសន្តិភាព និងស្ថិរភាព។

ប៉ុន្តែការពឹងផ្អែកគ្នាទៅវិញទៅមកនេះ ក៏អាចបង្កើននូវហានិភ័យដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អាចនឹងក្លាយទៅជាជម្លោះដោយបើកចំហផងដែរ។

ស្ថានភាពនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកអាចត្រូវបានគេចាត់ទុកថាជាករណីទី១។ ជម្លោះដោយបើកចំហចុងក្រោយបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើតឡើងនៅឆ្នាំ ១៩៧៩ នៅពេលដែលប្រទេសចិនបានឈ្លានពានចូលវៀតណាម។

បើទោះបីជាមានការខ្វែងគំនិតគ្នាខាងផ្នែកសន្តិសុខ និងភូមិសាស្ត្រកាន់តែស៊ីជម្រៅក៏ពិតមែន តែតំបន់អាស៊ីឦសានមិនដែលមានជម្លោះដោយបើកចំហនោះទេ ចាប់តាំងពីបទឈប់បាញ់របស់កូរ៉េត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ១៩៥៣។ សន្តិភាពនេះត្រូវបានកសាងឡើងតាមរយៈការធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែធំនៅក្នុងចំណោមបណ្តាសេដ្ឋកិច្ចនៅទូទាំងតំបន់។

ទំហំពាណិជ្ជកម្មនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បាននិងកំពុងរីកធំធាត់ជាមធ្យម ១១% ក្នុងមួយឆ្នាំនៅក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងទៅនេះ ពោលគឺខ្ពស់ជាងកំណើន GDP នៅក្នុងតំបន់នោះសម្រាប់រយៈពេលដូចគ្នានេះទៅទៀត។

ការលេចឡើងនូវខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ បានបង្កើតឱ្យមានទំនាក់ទំនងវិនិយោគរវាងបណ្តាប្រទេសនៅតំបន់អាស៊ីឦសាន និងបានបង្កើតនូវអ្វីដែលគេហៅថា «រោងចក្រតំបន់អាស៊ី»។ ការបង្កើតខាងលើនេះក៏បានរួមចំណែកដល់ការរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ផងដែរ។

ស្ថានភាពវិវត្តិធំៗចំនួន ២ នៅតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិកនៅក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅនេះ បានបង្ហាញនូវស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ពោលគឺការងើបឡើង របស់ប្រទេសចិន និងការបង្កើតឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ (Regional Trade Agreements – RTAs)។ ការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យាយ៉ាងលឿនរបស់ប្រទេសចិនបានបង្កឱ្យមានការប្រែប្រួលដល់តុល្យភាពអំណាចរបស់តំបន់។

សមាហរណកម្មរបស់ប្រទេសចិនចូលទៅក្នុងសេដ្ឋកិច្ចសកលនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ បានដើរតួជាក្បាលម៉ាស៊ីនដ៏មានប្រសិទ្ធភាពសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ប៉ុន្តែវាក៏បានបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ចផងដែរ ខណៈប្រទេសចិនកំពុងតែធ្វើការប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗ។ ការទាមទារឱ្យមានការទទួលស្គាល់និងការចែករំលែកនូវអំណាចនៅក្នុងរបៀបវារៈតំបន់របស់ប្រទេសចិន ក៏បានបង្កឱ្យមានភាពមិនសប្បាយចិត្តជាមួយនឹងសណ្តាប់ធ្នាប់ដែលមានស្រាប់នេះផងដែរ។

ខណៈការងើបឡើងរបស់ប្រទេសចិនបានបង្កើននូវភាពតានតឹងនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនោះ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជួយកាត់បន្ថយហានិភ័យ ដែលកើតចេញពីការកើនឡើងនៃភាពពឹងផ្អែកគ្នាទៅវិញទៅមកខាងផ្នែកសេដ្ឋកិច្ចនេះ។

តំបន់នោះបានចាប់ផ្តើមធ្វើសមាហរណកម្មរបស់ខ្លួនជាផ្លូវការជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននៅឆ្នាំ ១៩៩៣។ ហើយកិច្ចព្រមព្រៀងនេះក៏បណ្តាលឱ្យមានការរៀបចំនូវកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងជាមួយតំបន់ផ្សេងៗ និងជាមួយប្រទេសដៃគូមួយចំនួនដូចជា ជប៉ុន, ចិន និងអូស្ត្រាលី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ទាំងនេះបានជួយបំពេញគម្លាតតាមរយៈកិច្ចខិតខំប្រឹងប្រែងបង្កើតវិធានច្បាប់ និងសេរីភាវូបនីយកម្មនៅក្នុងកម្រិតពហុភាគី។ កិច្ចព្រមព្រៀងទាំងនោះបានបង្កើតនូវវិធានច្បាប់សម្រាប់ការធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ និងបានផ្តល់នូវវេទិកាសម្រាប់ដោះស្រាយជម្លោះ។

ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពិតជាមិនបានលុបបំបាត់ហានិភ័យនៃជម្លោះក៏ពិតមែនតែវាអាចជួយញែកជម្លោះផ្នែកសេដ្ឋកិច្ចចេញពីបញ្ហាសន្តិសុខដែរ។

ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងតំបន់គឺនៅមានកម្រិតសម្រាប់បណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូរបស់ពួកគេខ្លះទៀត។ កិច្ចព្រមព្រៀងរវាងប្រទេសផ្សេងៗនៅក្នុងតំបន់ដូចជា ចិន និងជប៉ុន ឬ ប្រទេសចិននិងកូរ៉េ គឺមិនលេចចេញជារូបរាងនោះទេ ហើយវាក៏បានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងពួកគេងាយនឹងឈានទៅដល់ភាពតានតឹងកាន់តែធំ។

ខណៈដែលបរិយាកាសសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបានវិវត្តទំនាក់ទំនងរវាងសមាហរណកម្មសេដ្ឋកិច្ច និងសន្តិសុខកាន់តែមានភាពប្រទាក់ក្រឡាគ្នាឡើងៗ។ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅតែអាចរួចផុតពីជម្លោះរវាងរដ្ឋនិងរដ្ឋ ប៉ុន្តែភាពតានតឹងកំពុងរីកធំឡើង។

អ្វីដែលជាផលវិបាកនោះ គឺថាប្រទេសនានាបានងាកទៅប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មដើម្បីគោលដៅសន្តិសុខ និងភូមិសាស្ត្រនយោបាយ។ តួយ៉ាងប្រទេសអូស្ត្រាលីបានចាប់ផ្តើមមានជម្លោះផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិន ដោយសារតែកង្វល់ផ្នែកសន្តិសុខពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កាលពីឆ្នាំ ២០១៨ និងការទាមទារឱ្យមានការស៊ើបអង្កេតទៅលើឬសគល់នៃមេរោគកូវីដ-១៩។

សម្រាប់ជប៉ុន និងកូរ៉េខាងត្បូង បម្រាមនាំចេញ និងនាំចូលទំនិញទៅវិញទៅមក បានបន្តកើតឡើងកម្តៅចាប់តាំងពីឆ្នាំ ២០១៩ មកក្រោយមានការខ្វែងគំនិតគ្នាអំពីរឿងប្រវត្តិសាស្ត្រដែលកើតចេញពីការគ្រប់គ្រងរបស់ជប៉ុនមកលើកូរ៉េកាលពីជាង ៨០ ឆ្នាំមុន។

បណ្តាប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកចាំបាច់ត្រូវតែធ្វើការងារជាច្រើនបន្ថែមទៀត ដើម្បីទប់ស្កាត់ភាពតានតឹងសេដ្ឋកិច្ចដែលបានលេចចេញជារូបរាងក្រោយមានការពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែធំ និងត្រូវទប់ស្កាត់ចំពោះការប្រើប្រាស់គោលនយោបាយពាណិជ្ជកម្មនិងការវិនិយោគដើម្បីគោលដៅសន្តិសុខ។

កិច្ចព្រមព្រៀងថ្នាក់តំបន់មួយចំនួន ដូចជា RCEP បានផ្តល់ជាវេទិកាសម្រាប់ការធ្វើឱ្យប្រសើរឡើងដល់គោលនយោបាយពាណិជ្ជកម្ម និងដោះស្រាយភាពតានតឹងផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះចាំបាច់ត្រូវមានការរួមបញ្ចូលនូវវិធានច្បាប់ដែលអាចគ្របដណ្តប់ទៅលើបញ្ហាថ្មីៗជាច្រើន ដូចជាការវិនិយោគឌីជីថល, កម្មសិទ្ធិបញ្ញាឆ្លងព្រំដែន និងការទទួលបានបច្ចេកវិទ្យា។ ទាំងនេះគឺជាបញ្ហាដែលអាចបង្កជម្លោះកាន់តែច្រើន ហើយចាំបាច់ត្រូវមានការកំណត់វិន័យឱ្យបានរឹងមាំ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចមានប្រសិទ្ធភាពតែមួយគត់ក្នុងការកាត់បន្ថយភាពតានតឹងដែលកើតចេញពីទំនាក់ទំនងពាណិជ្ជកម្ម។ ប្រទេសទាំងឡាយ ចាំបាច់ត្រូវតែបន្តការពិភាក្សាគ្នាលើបញ្ហានយោបាយ និងសន្តិសុខតាមរយៈកិច្ចផ្តួចផ្តើមគំនិត ដែលមានស្រាប់នៅក្នុងតំបន់មួយចំនួនដូចជាសហគមន៍សន្តិសុខនយោបាយអាស៊ាន ឬការចរចាសម្រាប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងអាស៊ាន និងចិនជាដើម។

ការចរចាទាំងនេះ គួរតែត្រូវបានពង្រីកទៅកាន់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកឱ្យកាន់តែទូលាយ ដោយត្រូវរួមបញ្ចូលទាំងបញ្ហាផ្សេងៗ ដូចជាភាពតានតឹងសមុទ្រចិនខាងកើតផង។ មិនខុសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ កិច្ចព្រមព្រៀងទាំងនេះនឹងត្រូវបានគេគ្រប់គ្រងកាន់តែប្រសើរ ប្រសិនជាវាស្ថិតនៅក្រោមក្របខណ្ឌតំបន់ហើយមិនមែនជាលក្ខណៈទ្វេភាគី។

ពួកគេមិនគួរដាក់គោលដៅដើម្បីតែការដោះស្រាយបញ្ហាទាំងនោះទេ តែពួកគេគួរតែស្វែងរកការយោគយល់រួមមួយទៅលើរបៀបដែលបណ្តាប្រទេសនៅក្នុងតំបន់អាចទប់ស្កាត់ការបង្ហាញអំណាចយោធា។

ទន្ទឹមនឹងនោះដែរ តំបន់នេះមិនអាចគេចផុតពីបញ្ហាប្រឈមរួមនៅក្នុងតំបន់និងជាសកលមួយចំនួន ដូចជាបញ្ហាផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនោះទេ។ ករណីទាំងនេះតម្រូវឱ្យមានការបែងចែកធនធានដ៏មហាសាល ហើយវាក៏នឹងក្លាយជាបន្ទុកដ៏ធ្ងន់ ដែលប្រទេសនីមួយៗមិនអាចធ្វើបានតែម្នាក់ឯងនោះទេ។

បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចាប់ផ្តើមងាកទៅបង្កើតគម្រោងជាក់លាក់ណាមួយរួមគ្នា។ ជាមួយនឹងការកសាងគម្រោងរួមគ្នាណាមួយនោះ ទំនុកចិត្តរវាងគ្នានឹងមានការកើនឡើងកាន់តែធំ ហើយវាក៏អាចជួយសម្រួលដល់ការសន្ទនាលើបញ្ហាលំបាកៗជាច្រើនផ្សេងទៀតផងដែរ។

អាស៊ានមានតួនាទីស្នូលដ៏ធំមួយ នៅក្នុងកិច្ចផ្តួចផ្តើមគំនិតទាំងនេះ។ អាស៊ានក៏ជាស្ថាប័នតែមួយគត់ដែលមានយន្តការស្រាប់សម្រាប់ដោះស្រាយបញ្ហាតំបន់ និងសកលទាំងក្នុងដែនសេដ្ឋកិច្ច និងដែនសន្តិសុខ។

អាស៊ាន+3 និងកិច្ចព្រមព្រៀង RCEP អាចត្រូវគេបានពង្រីកដើម្បីអាចដោះស្រាយបានកាន់តែចំគោលដៅសម្រាប់ភាពតានតឹងដែលកើតចេញពីទំនាក់ទំនងសេដ្ឋកិច្ច។ ការបញ្ចូលកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកថ្មី (Comprehensive and Progressive Agreement for Trans-Pacific Partnership) ចូលទៅក្នុងកិច្ចព្រមព្រៀង RCEP អាចជាចំណុចចាប់ផ្តើមមួយ ប៉ុន្តែការធ្វើបែបនេះនឹងតម្រូវឱ្យមានការអនុវត្តប្រកបដោយភាពបរិយាបន្នបន្ថែមទៀត។

អ្វីដែលជាបញ្ហាធំជាងគេ គឺអវត្តមាននៃភាពជាអ្នកដឹកនាំនៅក្នុងអាស៊ានដើម្បីតម្រង់ទៅរករបៀបវារៈតំបន់។ ឥណ្ឌូណេស៊ីចាំបាច់ត្រូវបំពេញតួនាទីនេះឱ្យបានកាន់តែសកម្ម។

នៅក្រោយការដឹកនាំកិច្ចប្រជុំ G-20 យ៉ាងជោគជ័យ ហើយនិងការធ្វើឱ្យរបៀបវារៈសកល វិលមករកសភាពធម្មតាវិញនោះ ឥណ្ឌូណេស៊ីមានទំនួលខុសត្រូវដ៏សំខាន់មួយក្នុងការបង្កើតរបៀបវារៈរបស់តំបន់នេះ។ ឥណ្ឌូណេស៊ីមានទាំងអំណាចដែលគួរឱ្យគោរព និងអំណាចក្នុងនាមជាប្រទេសធំជាងគេក្នុងការដឹកនាំការពិភាក្សា និងបង្កើតនូវរបៀបវារៈឱ្យបានមុតមាំមួយក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ៕

East Asia Forum

អត្ថបទទាក់ទង