ខ្មែរប៉ុស្ដិ៍ Close

    បរាជ័យរបស់ប្រធានសភាអាមេរិកបានបង្ហាញអំពីហានិភ័យដែលត្រូវបានគេមើលរំលងនៅក្នុងប្រទេសដែលមាន សេដ្ឋកិច្ចជឿនលឿន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1399
    បរាជ័យរបស់ប្រធានសភាអាមេរិកបានបង្ហាញអំពីហានិភ័យដែលត្រូវបានគេមើលរំលងនៅក្នុងប្រទេសដែលមាន សេដ្ឋកិច្ចជឿនលឿនលោក Kevin McCarthy

    កាលពីថ្ងៃអាទិត្យសប្តាហ៍មុន វិនិយោគិនជើងចាស់នៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនម្នាក់ បានរំឮកឡើងវិញអំពីបទពិសោធន៍ដ៏ឈឺចាប់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់ដើមទុននៅក្នុងប្រទេសកំពុងអភិវឌ្ឍ នៅក្នុងកំឡុងឆ្នាំ ១៩៨០ និង ១៩៩០ ដែលជាឆ្នាំដែលកំពុងតែមានភាពច្របូកច្របល់។

    នៅក្នុងប្រទេសប្រេស៊ីល អ្នកគាំទ្ររាប់ពាន់នាក់របស់អតីតប្រធានាធិបតីស្តាំនិយមបានសម្រុកចូលទៅក្នុងសភាជាតិ, តុលាការកំពូល និងវិមានប្រធានាធិបតី និងបានអះអាងដោយគ្មានភស្តុតាងថា «ការបោះឆ្នោតកាលពីខែតុលាគឺជាការបោកបញ្ឆោត» និងបានអំពាវនាវឱ្យកងទ័ពធ្វើរដ្ឋប្រហារដើម្បីដកតំណែងរបស់ប្រមុខរដ្ឋថ្មីលោក Luiz Inacio Lula da Silva។

    ខណៈពេលដែលសកម្មភាពនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមកលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល បើគិតចាប់តាំងពីការបញ្ចប់ការគ្រប់គ្រងដោយរបបយោធាកាលពីឆ្នាំ ១៩៨៥ មក វាមានលក្ខណៈស្រដៀងគ្នាទៅនឹងការសំរុកចូលទៅក្នុងអាគារ Capitol របស់សហរដ្ឋអាមេរិកដោយអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump កាលពី ២ ឆ្នាំមុនដែរ។

    សូមអាន ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលអគារសភាអាមេរិក ដើម្បីរារាំងការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន, អំពើហិង្សាដ៏ក្តៅគគុកបានផ្ទុះឡើង!

    កាលពីអតីតកាល ហានិភ័យផ្នែកនយោបាយគឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ក៏ប៉ុន្តែចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក ប្រទេសអភិវឌ្ឍបានក្លាយជាអ្នកដែលបានជួបប្រទះបញ្ហានយោបាយញឹកញាប់បំផុត។ វិបត្តិបំណុលរបស់តំបន់ចាយប្រាក់អឺរ៉ូ, ការសម្រេចចិត្តចាកចេញពី EU របស់ចក្រភពអង់គ្លេស និងការបោះឆ្នោតរបស់លោក Trump បានធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើល និងបានផ្លាស់ប្តូរនូវការយល់ឃើញអំពីហានិភ័យនៃទីផ្សារ។

    ទោះជាយ៉ាងណាក៏ដោយ ការគំរាមកំហែងផ្នែកនយោបាយដ៏គ្រោះថ្នាក់បំផុតនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅក្នុងទសវត្សរ៍កន្លងមក តែងតែថមថយទៅវិញនៅនាទីចុងក្រោយ ដែលជាហេតុនៅតែអាចទាក់ទាញការពេញចិត្តពីចំណោមអ្នកវិនិយោគ។ ប៉ុន្តែលើកនេះ គ្រោះថ្នាក់អាចមានសភាពកាន់តែធ្ងន់ធ្ងរជាងពេលមុនៗ។

    រឿងរ៉ាវដែលកើតឡើងដដែលៗជុំវិញការបង្កើនកម្រិតបំណុលអតិបរមា (Debt Ceiling) របស់សហរដ្ឋអាមេរិកបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង។ លទ្ធផលនៃការបោះឆ្នោត ១៥ ជុំកាលពីសប្តាហ៍មុន នៅក្នុងសភាដោយបានសម្រេចជ្រើសរើសលោក Kevin McCarthy ជាប្រធាន បានបង្ហាញអំពីភាពធ្វេសប្រហែសខ្លាំងនៅក្នុងជួរគណបក្សសាធារណរដ្ឋ បើប្រៀបធៀបនឹងកាលពីឆ្នាំ ២០១១ នៅពេលដែលភ្នាក់ងារ «Standard & Poor’s» បានដកសហរដ្ឋអាមេរិកចេញពីចំណាត់ថ្នាក់ឥណទានកម្រិត AAA របស់ខ្លួន ក្រោយពីភាពច្របូកច្របល់របស់គណបក្សសាធារណរដ្ឋបានធ្វើឱ្យសហរដ្ឋអាមេរិកសឹងតែធ្លាក់ទៅក្នុងស្ថានភាពមិនអាចបង់សងបំណុលបាន (Default)។

    សូមអាន ភាពលំបាកលំបិននៃសេដ្ឋកិច្ចអាមេរិក នឹងកើតមាននៅឆ្នាំ ២០២៣

    សំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាបានបង្កើនឥទ្ធិពលរបស់ក្រុមអភិរក្សបែបជ្រុលនិយម (Freedom Caucus) ដែលជាក្រុមនៃគណបក្សសាធារណរដ្ឋស្តាំនិយមប្រហែល ៥០ នាក់ដែលបានបង្កការអាម៉ាស់ដល់លោក McCarthy និងបានបង្ខំឱ្យលោកធ្វើសម្បទានដ៏ធំជាថ្នូរនឹងការទទួលបានសំឡេងឆ្នោតរបស់ពួកគេដើម្បីទទួលបានតំណែងជាប្រធានសភា។ ការធ្វើសម្បទានទាំងនោះក៏មានរួម បញ្ចូលទាំងការផ្ដល់សិទ្ធិឱ្យសមាជិកសភាតែមួយរូប អាចធ្វើការបោះឆ្នោតដករូបលោកចេញនៅពេលណាក៏បាន និងច្បាប់ដែលមានបំណងរារាំងការចំណាយរបស់សហព័ន្ធ។

    នៅពេលដែលកម្រិតបំណុលអតិបរមា (Debt Ceiling) ត្រូវផុតកំណត់នៅក្នុងរដូវក្តៅខាងមុខនេះ ការខ្វែងគំនិតគ្នាជុំវិញការបង្កើនដែនកំណត់នៃការខ្ចីប្រាក់របស់អាមេរិកអាចនឹងផ្ទុះឡើង។ ដោយសារការខូចខាតដែលបង្កឡើងកាលពីអតីតកាលដោយសារភាពច្របូកច្របល់ និងវិសាលភាពដ៏ធំនៃការគណនាខុស នៃយុទ្ធសាស្ត្ររបស់ក្រុម Freedom Caucus សហរដ្ឋអាមេរិក អាចប្រឈមមុខកាន់តែខ្លាំងនឹងការខកខានក្នុងការទូទាត់សងការប្រាក់ និងអាចធ្លាក់ចូលទៅក្នុងបញ្ហាបំណុល (Technical Default)។

    ប្រសិនបើរឿងនេះកើតឡើងមែន ការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកនឹងក្លាយជាគ្រោះមហន្តរាយដែលនឹងលាតត្រដាងឱ្យឃើញអំពីវិសាលភាពនៃប្រព័ន្ធនយោបាយរបស់អាមេរិកដែលអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងទីផ្សារពិភពលោក។ បើទោះបីជាហានិភ័យនៃការដែលសហរដ្ឋអាមេរិកអាចធ្លាក់ទៅក្នុងស្ថានភាពមិនអាចបង់សងបំណុលនៅមានកម្រិតទាបនៅឡើយក៏ដោយ ក៏ វិនិយោគិនមិនអាចព្រងើយកន្តើយចំពោះហានិភ័យផ្នែកនយោបាយ ដែលអាចកើតមាននៅក្នុងទីផ្សារនោះទេ។

    វិមានកាពីតូល

    បើទោះបីជាការកើនឡើងនៃលទ្ធភាពមិនអាចបង់សងបំណុលរបស់សហរដ្ឋអាមេរិកនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រាក់ដុល្លារ និងមូលបត្របំណុលរតនាគារ (Treasury Bond) ក៏ដោយ ក៏វានឹងលាតត្រដាងឱ្យឃើញកាន់តែច្បាស់អំពីការផ្លាស់ប្តូរនៃទស្សនៈយល់ឃើញអំពីហានិភ័យនៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ខណៈដែលប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនជាច្រើន បាននិងកំពុងទទួលបានចំណាត់ថ្នាក់ឥណទានល្អជាង និងមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំខ្លាំងជាងបណ្តាប្រទេសអភិវឌ្ឍមួយចំនួន។

    ជាក់ស្តែង ហានិភ័យផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរនៅក្នុងសហរដ្ឋអាមេរិកបានកើតឡើងនៅចំពេលដែលគេមានសុទិដ្ឋិនិយមកាន់តែខ្ពស់ចំពោះប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន មួយផ្នែកដោយសារតែការបើកឡើងវិញយ៉ាងឆាប់រហ័សដែលមិនអាចទាយទុកបានរបស់ប្រទេសចិន និងដោយសារតែការព្រួយបារម្ភអំពីការរឹតបន្តឹងផ្នែករូបិយវត្ថុកាន់តែខ្លាំងនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ជាពិសេសគឺសហរដ្ឋអាមេរិក។

    សូមអាន សម្ពាធនយោបាយនិងសេដ្ឋកិច្ច បាននាំឱ្យទីក្រុងប៉េកាំងដកចេញនូវនយោបាយ Zero-Covid

    ភាគហ៊ុនរបស់បណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនបានកើនឡើង ២០% ចាប់តាំងពីចុងខែតុលា បើធៀបនឹងការកើនឡើង ៥% នៅក្នុងភាគហ៊ុនរបស់បណ្តាប្រទេសអភិវឌ្ឍ។ ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការលុបចោលគោលនយោបាយ «Zero Covid» និងការងាកមកផ្តោតលើការជំរុញកំណើន បាននាំមកនូវមុខមាត់ដ៏អស្ចារ្យសម្រាប់ប្រទេសចិននៅទីផ្សារ «Wall Street» បើទោះបីជាមានការព្រួយបារម្ភអំពីប្រជាជនវ័យចំណាស់ដែលមិនទាន់បានចាក់វ៉ាក់សាំង និងប្រព័ន្ធថែទាំសុខភាពដ៏ទន់ខ្សោយក៏ដោយ។

    ការធ្លាក់ក្នុងស្ថានភាពមិនអាចបង់សងបំណុល (Default) របស់សហរដ្ឋអាមេរិក នឹងបង្កផលវិបាកដ៏មហន្តរាយសម្រាប់ពិភពលោកទាំងមូល ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យរឿងនេះទំនងជាមិនអាចកើតមានឡើង។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាហានិភ័យមួយក្នុងចំណោមហានិភ័យជាច្រើនដែលត្រូវបានគេមើលរំលងនៅក្នុងទីផ្សារពិភពលោក។ គ្រោះថ្នាក់ដែលកើតចេញពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងដែលការវាយតម្លៃអំពីហានិភ័យផ្នែកនយោបាយនៅមានកម្រិតទាប អាចបង្កឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ៕

    South China Morning Post

    អត្ថបទទាក់ទង