ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីស្វែងរកជំនួយផ្លូវដែកល្បឿនលឿន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1426
លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីស្វែងរកជំនួយផ្លូវដែកល្បឿនលឿនលោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីស្វែងរកជំនួយផ្លូវដែកល្បឿនលឿន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅក្រោយបុណ្យចូលឆ្នាំចិនខាងមុខ ជាមួយនឹងផែនការស្នើសុំការគាំទ្រពីសំណាក់ប្រទេសចិនសម្រាប់គម្រោងរថភ្លើងល្បឿនលឿនដំបូងគេនៅក្នុងប្រទេសរបស់លោក។

លោក ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លោកនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ៣ ថ្ងៃនៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ មុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់ព្រះបាទនរោត្តម សីហមុនី។

លោក ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយប្រធានាធិបតីចិនគឺ លោក ស៊ី ជីនពីង ដើម្បីប្រារព្ធខួបលើកទី ៣ នៃដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរស្មីកម្ពុជាកាលពីថ្ងៃសៅរ៍។

ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ ២០២០ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន ហើយដំណើរទស្សនកិច្ចនោះគឺជាការបង្ហាញ «អំពីសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន»។ កាយវិការនេះត្រូវបានស្វាគមន៍ជាខ្លាំងនៅក្នុងទីក្រុងប៉េកាំងដោយលោក ស៊ី បាននិយាយនៅពេលនោះថា
«មិត្តភក្តិពិតប្រាកដគឺជាមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាក»។

សូមអាន សម្ដេច ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅទីក្រុងប៉េកាំង

ប្រទេសចិនមិនទាន់បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នោះទេ។ ប៉ុន្តែនៅក្នុងរបាយការណ៍អំពីការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានដកស្រង់សម្តីមេដឹកនាំកម្ពុជាថា បានពិពណ៌នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថា «មានភាពរឹងមាំ» ហើយលោកក៏បានសំដៅដល់ខួបលើកទី ៦៥ នៃទំនាក់ទំនងទ្វេភាគីនៅក្នុងឆ្នាំនេះផងដែរ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា លោក ហ៊ុន សែន បាននិយាយថា លោកនឹងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍មួយចំនួនជាមួយប្រទេសចិន នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ដែលរួមមានទាំងគម្រោងផ្លូវដែកល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជាផងដែរ។

ប្រទេសកម្ពុជាកំពុងធ្វើទំនើបកម្មផ្លូវដែកទាំង២ ខ្សែរបស់ខ្លួនឱ្យទៅជាផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ និងតភ្ជាប់ទៅព្រំដែនជាមួយប្រទេសថៃ។

លោក ហ៊ុន សែន បានផ្តល់សញ្ញាកាលពីខែធ្នូថា ប្រទេសចិននឹងជួយផ្តល់មូលនិធិដល់គម្រោងនេះ ហើយបញ្ហានេះក៏ត្រូវបានលើកយកមកពិភាក្សាផងដែរនៅក្នុងអំឡុងពេលជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែវិច្ឆិកា។

នៅក្នុងកិច្ចប្រជុំនោះ ប្រទេសចិនបាននិយាយថា ខ្លួនបានអនុម័តការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមទាំងផ្លូវល្បឿនលឿនដែលមានតម្លៃ ១,៦ ពាន់លានដុល្លារអាមេរិកពីរាជធានីភ្នំពេញទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសវៀតណាមទៀតផង។

លោក ឈាង វណ្ណារិទ្ធ អ្នកយុទ្ធសាស្រ្តទំនាក់ទំនងរដ្ឋាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅទីក្រុងភ្នំពេញបាននិយាយថា ដំណើររបស់លោក ហ៊ុន សែន ត្រូវបានគេរំពឹងថានឹងនាំមកនូវកិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់ ជាពិសេសនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លោកបាននិយាយថា «កម្ពុជាជាដៃគូដ៏គួរឲ្យទុកចិត្តបំផុតរបស់ប្រទេសចិននៅតំបន់អាស៊ីអាគ្នេយ៍»។

លោកបានបន្ថែម ទៀតថា «ដំណើរទស្សនកិច្ចនេះគឺជាការបើកទំព័រថ្មីមួយក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងជាការប្រារព្ធខួបលើកទី៣ នៃដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីបង្ហាញពីការគាំទ្រផ្នែកនយោបាយ និងទំនុកចិត្តលើការគ្រប់គ្រងរបស់ប្រទេសចិនចំពោះវិបត្តិកូវីដ-១៩»។

ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងស្របពេលដែលកម្ពុជាកំពុងតែត្រៀមខ្លួនទទួលលំហូរចូល នៃភ្ញៀវទេសចរ និងពាណិជ្ជករចិនបន្ទាប់ពីការសម្រេចចិត្តរបស់ក្រុងប៉េកាំងក្នុងការបើកព្រំដែនឡើងវិញ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបាននិយាយថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងបង្កើនចំនួនអ្នកដំណើរតាមផ្លូវអាកាសចូលមកក្នុងប្រទេសកម្ពុជា ដល់ ៤,៦ លាននាក់ នៅក្នុងឆ្នាំនេះ។

សារព័ត៌មាន Xinhua បានដកស្រង់សម្តីរបស់លោកថា «សម្រាប់ឆ្នាំ ២០២៣ យើងព្យាករណ៍ថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដង ដោយសារប្រទេសចិនបើកដំណើរការឡើងវិញ»។ សារព័ត៌មាន Xinhua ក៏បានដកស្រង់សម្តីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរថា ប្រទេសកម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ១ លាន នាក់នៅឆ្នាំ ២០២៣ ដែលនេះគឺជាចំនួនកើនឡើងជាងចំនួនកាលពីឆ្នាំមុនជាង ១១ ម៉ឺននាក់។

មិនដូចប្រទេសមួយចំនួនដូចជាកូរ៉េខាងត្បូងទេ កម្ពុជាមិនបានដាក់កំហិតលើការធ្វើដំណើរទៅលើជនជាតិចិននោះឡើយ បើទោះបីជាមានការព្រួយបារម្ភថា ការកើនឡើងនៃករណីកូវីដ-១៩ អាចបង្កឱ្យមានមេរោគបម្លែងខ្លួនថ្មីនៅក្នុងប្រទេសចិនក៏ដោយ។

សូមអាន ភ្លាមៗបន្ទាប់ពីនយោបាយ Zero-Covid បានបញ្ចប់ទៅ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងឆ្លងកាត់ដំណាក់កាលដ៏ខ្មៅងងឹតបំផុត

លោក Shi Yinhong សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Renmin បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវមានការប្រុងប្រយ័ត្ននៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជាដែល បាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Shi បាននិយាយថា «តាមទស្សនៈការទូតរបស់កម្ពុជា ពួកគេកំពុងបង្កើនភាពបត់បែនរបស់ខ្លួនក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីភាគីទាំង ២ ក្រោមការប្រកួតប្រជែងគ្នានៅពេលបច្ចុប្បន្ន ហើយចិនក៏ត្រូវសម្របតាមការផ្លាស់ប្តូរបែបនេះដែរ»។

លោកបាននិយាយថា «ប្រទេសចិនកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំង ហើយបើទោះជាប្រទេសចិនបានជួយកម្ពុជាតាមរយៈជំនួយហិរញ្ញវត្ថុក៏ដោយ ក៏និន្នាការនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសជប៉ុននឹងមិនផ្លាស់ប្តូរឡើយ»។

កម្ពុជាបានព្រមព្រៀងកាលពីឆ្នាំមុន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិជាមួយប្រទេសជប៉ុនដោយបានអនុញ្ញាតឱ្យកងកម្លាំងជប៉ុនធ្វើទស្សនកិច្ចជាទៀងទាត់ទៅកាន់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួននៅក្បែរសមុទ្រចិនខាងត្បូង។

នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីខែវិច្ឆិកា អាស៊ានក៏បានយល់ព្រមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានៃការនេសាទខុសច្បាប់ផងដែរ៕

South China Morning Post

អត្ថបទទាក់ទង