ខ្មែរប៉ុស្ដិ៍ Close

    ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ៩០%

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 564
    ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ៩០%ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណ៩០%

    ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ  អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។

    លោកសាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង១០០ម៉ែត្ររួចមកហើយ  នៅផ្នែកខាងកើតខណៈការងារជួសជុលនៅផ្នែកខាងលិចក៏ជិតរួចរាល់ជាស្ថាពរ។ លោកបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា ឆ្នាំ២០២៣នេះ សម្រេចបានប្រមាណ៩០ភាគរយហើយ ក្នុងនោះក្រុមការងារអាច នឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ។

    លោកបន្តទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះដូចជា៖ ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាពនៃការជួសជុលនៅតែបន្ត បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។ 

    លោកសាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ជាពិសេសការកសាងសមត្ថភាព ធនធានមនុស្សរហូតដល់ការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយ មិនចាំបាច់ពឹងផ្អែកលើបរទេសដូចពេលមុនឡើយ។

    សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនិងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

    អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

    រូបភាព៖លោក ហាប់ គឹមអាន