ខ្មែរប៉ុស្ដិ៍ Close

    អាស៊ានគួរតែប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនចំពោះរបបយោធាមីយ៉ាន់ម៉ា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1433
    អាស៊ានគួរតែប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនចំពោះរបបយោធាមីយ៉ាន់ម៉ាអាស៊ានគួរតែប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនចំពោះរបបយោធាមីយ៉ាន់ម៉ា

    បណ្ដារដ្ឋជាសមាជិកអាស៊ានគួរតែពិចារណាប្រើប្រាស់សម្ពាធសេដ្ឋកិច្ចដើម្បីជះឥទ្ធិពលទៅលើអាកប្បកិរិយារបស់របបយោធាដែលកំពុងកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាគឺជាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតមួយនៅក្នុងអាស៊ាន ដែលជាហេតុបង្កើតឱ្យមានគម្លាតរវាងមីយ៉ាន់ម៉ា និងបណ្ដារដ្ឋជាសមាជិកអាស៊ានផ្សេងទៀត។

    គម្លាតនេះបានបង្កើតឱ្យមានការប្រើប្រាស់ការពឹងពាក់គ្នាទៅវិញទៅមកជាអាវុធ ពោលគឺរដ្ឋជាសមាជិកអាស៊ានដែលខ្លាំងជាង អាចប្រើតួនាទីរបស់ពួកគេដើម្បីជះឥទ្ធិពលទៅលើសមាជិកដែលមានការអភិវឌ្ឍតិចជាង។ បណ្ដារដ្ឋដែលពឹងផ្អែកលើការនាំចូលទំនិញសំខាន់ៗងាយនឹងរងគ្រោះពីការគំរាមកំហែង និងពីឧបាយកលណាស់។

    ការ​នាំ​ចូល​សំខាន់​បំផុត​របស់​មីយ៉ាន់ម៉ា​គឺ​ប្រេងចម្រាញ់រួច និង​ប្រេង​ដូង។ មីយ៉ាន់ម៉ា​បាននាំចូល​ប្រេង​ម្រាញ់​រួចច្រើនបំផុតពីសិង្ហបុរី និងតាម​ពីក្រោយ​ដោយ​ម៉ាឡេស៊ី និង ​ថៃ ខណៈ​ប្រេងដូង​ត្រូវបាននាំចូលមក​ពី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ មីយ៉ាន់ម៉ាបានរងគ្រោះយ៉ាងដំណំពីការឡើងថ្លៃប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនីដែលជំរុញឱ្យថ្នាក់ដឹកនាំយោធានាំចូលប្រេងចម្រាញ់រួចដើម្បីយកមកប្រើប្រាស់នៅក្នុងបណ្ដារោងចក្រនានា។

    តម្លៃ​ប្រេងសាំង​នៅ​មី​យ៉ាន់​ម៉ា​បាន​ឡើង​ថ្លៃប្រហែល​ ៣៥០% ចាប់តាំងពី​រដ្ឋប្រហារ​មក​។ រដ្ឋាភិបាលយោធាថែមទាំងកំពុងពិចារណាអំពីការនាំចូលប្រេងពីរុស្ស៊ី តាមរយៈប្រទេសសិង្ហបុរីទៀតផង ដោយសារតែប្រភពថាមពលដែលមិនមានការរំខាននិងមានតម្លៃសមរម្យ គឺមានភាពចាំបាច់បំផុត។ វាមានឧទាហរណ៍ ដែលបណ្តាប្រទេសមួយចំនួនបានប្រើប្រាស់ប្រេងជាអាវុធ។

    វិបត្តិប្រេងឆ្នាំ ១៩៧៣ បានកើតឡើងនៅពេលដែលសមាជិកនៃអង្គការ OPEC បានដាក់ទណ្ឌកម្មមួយផ្នែកលើការលក់ប្រេងទៅកាន់សហរដ្ឋអាមេរិក ដោយសារតែអាមេរិកគាំទ្រអ៊ីស្រាអែលនៅអំឡុងសង្គ្រាម Yom Kippur ។ សិង្ហបុរី, ម៉ាឡេស៊ី និងថៃ ក៏អាចដាក់ទណ្ឌកម្មលើការនាំចេញប្រេងចម្រាញ់រួចទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ បូករួមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើក្រុមហ៊ុនប្រេងរបស់រដ្ឋ។

    វិធានការនេះ​នឹង​រារាំង​ដល់សមត្ថភាពរបស់​របប​យោធាក្នុង​ការ​បំពេញ​មុខងារ​របស់ខ្លួនប្រកបដោយ​ប្រសិទ្ធភាព។ ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក៏អាចដាក់ទណ្ឌកម្មលើការនាំចេញប្រេងដូងទៅកាន់មីយ៉ាន់ម៉ាផងដែរ។ នៅចន្លោះឆ្នាំ ២០១២ ដល់ ២០១៨ ការនាំចូលប្រេងដូងនៅមីយ៉ាន់ម៉ាបានកើនឡើង ៦០%។ មីយ៉ាន់ម៉ាមានជម្រើសផ្សេងទៀតក្រៅពីប្រេងដូង ដូចជាប្រេងសណ្តែក និងប្រេងល្ង ក៏ប៉ុន្តែប្រជាជនមីយ៉ាន់ម៉ាភាគច្រើននៅតែជ្រើសរើសយកប្រេងដូងព្រោះវាមានតម្លៃថោកជាង។

    ចំណុចនេះគួរ​តែបាន​ផ្តល់អនុភាពដល់​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ ការហ៊ុមព័ទ្ធសេដ្ឋកិច្ចគឺជារបាំងពាណិជ្ជកម្មមួយ ហើយវាក៏អាចបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិផងដែរ។ ប៉ុន្តែបណ្តារដ្ឋកាន់តែច្រើនបានដាក់ចេញនូវរបាំងពាណិជ្ជកម្ម ដោយយោងទៅលើចំណុចលើកលែងមួយពាក់ព័ន្ធនឹងសន្តិសុខជាតិនៅក្នុងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។

    ជាឧទាហរណ៍ : នៅក្នុងករណីរុស្ស៊ី-អ៊ុយក្រែន កិច្ចពិភាក្សាបានសម្រេចថា «ស្ថានភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន បានឈានដល់កម្រិតសង្គ្រាម ឬភាពអាសន្ននៅក្នុងទំនាក់ទំនងអន្តរជាតិ» ដោយយោងតាមលក្ខណៈវិនិច្ឆ័យនៃការលើកលែងផ្នែកសន្តិសុខជាតិ។ អាស៊ាន​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​នៃ​ការ​ហ៊ុមព័ទ្ធ​របៀប​នេះ​ទៅ​លើ​សុខុមាលភាព​របស់​ប្រជាជន​មីយ៉ាន់ម៉ា។

    អាស៊ាន​គួរ​តែពិចារណា​តាំងពី​ដំបូងទីអំពី​ការ​ដាក់​ទណ្ឌកម្ម​គោលដៅទៅ​លើ​របប​យោធា។ វិធានការនេះអាចជាទម្រង់នៃការបង្កកគណនីធនាគាររបស់សមាជិកនៃរបបយោធាដែល កំពុងកាន់អំណាច និងការរឹបអូសទ្រព្យសម្បត្តិដែលមាននៅក្នុងយុត្តាធិការរបស់អាស៊ាន។

    «ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ កម្ពុជាមិនបានចាត់វិធានការណាមួយឡើយ ដើម្បីជំរុញឱ្យមីយ៉ាន់ម៉ាអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥ ដែលជាកិច្ចព្រមព្រៀងរវាងអាស៊ាន និងមីយ៉ាន់ម៉ាដើម្បីចាត់វិធានការឈានទៅបញ្ចប់ជម្លោះ និងកែលម្អស្ថានភាពមនុស្សធម៌នៅក្នុងប្រទេស»។ «បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអង្វរករខ្លាំងយ៉ាងណាក៏ដោយ ក៏លោកមិនអាចបញ្ចុះបញ្ចូលមីយ៉ាន់ម៉ាឱ្យលុបចោលការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤ រូបនោះដែរ»។

    «កម្ពុជា​ក៏​មិន​អាច​ចូលរួម​ជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ (NUG) ​ដែរ»។ ប្រសិនបើការហ៊ុមព័ទ្ធសេដ្ឋកិច្ចត្រូវបានអនុម័ត នោះដាច់ខាតវាត្រូវតែភ្ជាប់ទៅនឹងវឌ្ឍនភាពនៃការអនុវត្តចំណុចកុងសង់ស៊ីសទាំង៥។ ប៉ុន្តែវានៅមានកង្វះខាតពាក់ព័ន្ធនឹងការឯកភាពគ្នានៅក្នុងអាស៊ានអំពីរបៀបដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា។

    ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន និងសិង្ហបុរី បានរិះគន់យ៉ាងបើកចំហលើរបបយោធា និងជាអ្នកចេញមុខមុនគេក្នុងការរារាំងមិនឱ្យឧត្តមសេនីយ៍ Min Aung Hlaing ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានកាលពីពេលថ្មីៗនេះ ខណៈសមាជិក​អាស៊ាន​ផ្សេង​ទៀត​បាន​បញ្ចៀស ឬ​ប្រឆាំង​នឹង​អភិក្រម​មួយនេះ។

    ប្រទេសចិនគឺជាតួអង្គសំខាន់មួយទៀតនៅក្នុងបញ្ហានេះ។ ចិន​បាន​បញ្ជាក់ដោយចំហហើយ​ថា «ខ្លួន​នឹង​គាំទ្រ​របប​យោធា​មី​យ៉ាន់​ម៉ាបើទោះ​បី ស្ថានការណ៍​ប្រែប្រួល​យ៉ាងណា​ក៏ដោយ​»។ ចិននៅតែជាដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា និងបានបន្តដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ដោយមានការគាំទ្រពីប្រទេសចិន យោធាមីយ៉ាន់ម៉ានឹងមិនសូវមានទំនោរកាត់បន្ថយការគាបសង្កត់ដែលពួកគេបាននិងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននេះទេ។

    អាស៊ានគួរតែសង្កត់ធ្ងន់ទៅលើតួនាទីក្នុងការរក្សាតុល្យភាពរបស់ខ្លួន នៅក្នុងតំបន់តាមរយៈការអញ្ជើញមហាអំណាចសំខាន់ៗផ្សេងទៀត ដូចជាអាមេរិកជាដើមឱ្យចូលរួមមកក្នុងកិច្ចពិភាក្សា។ វិធានការនេះអាចជួយទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    ច្បាប់ស្ដីអំពីមីយ៉ាន់ម៉ាឆ្នាំ ២០២១ របស់អាមេរិក (Burma Act) នឹងអនុញ្ញាតឱ្យប្រធានាធិបតី Joe Biden អាចបង្កើនការចំណាយដើម្បីគាំទ្រដល់កងកម្លាំងដែលកំពុងប្រយុទ្ធប្រឆាំងនឹងរបបយោធា និងអាចអនុញ្ញាតឱ្យមានការចូលរួមជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ។

    ប៉ុន្តែ​ការ​ចូលរួម​ណាមួយ​របស់​អាមេរិក​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹងមជ្ឈ​ភាព​​អាស៊ាន ហើយគេត្រូវ​ប្រយ័ត្ន​ប្រយែងកុំ​ឱ្យ​ការប្រកួត​ប្រជែង​រវាងអាមេរិកជាមួយ​ចិនកាន់តែមានភាពតានតឹងជាងមុន។ អាស៊ានបានងាកចេញពីគោលការណ៍កុងសង់ស៊ីសរបស់ខ្លួន នៅពេលដែលខ្លួនបានរារាំងរបបយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចុងក្រោយបង្អស់។

    ឥឡូវនេះ វាដល់ពេលហើយដែលអាស៊ានត្រូវកំណត់អំពីការលើកលែងមួយចំនួនចំពោះគោលការណ៍មិនជ្រៀតជ្រែករបស់ខ្លួន ហើយអនុញ្ញាតឱ្យមានការសម្របសម្រួលរវាងគោលនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងគោលនយោបាយសន្តិសុខនិងនយោបាយ។

    ស្ថានភាពមីយ៉ាន់ម៉ានៅពេលនេះ កំពុងផ្តល់នូវហេតុផលដល់ការលើកលែងចំពោះគោលការណ៍មិនជ្រៀតជ្រែក។ ការដាក់ទណ្ឌកម្មលើទំនិញសាធារណៈគួរតែជាដំណាក់កាលចុងក្រោយនៃទណ្ឌកម្មរបស់អាស៊ាន។ អាស៊ានគួរតែដាក់ទណ្ឌកម្មជាមុនលើគណនីធនាគារ និងអាជីវកម្មដែលមានជាប់ទាក់ទងនឹងក្រុមយោធាក៏ដូចជាការដាក់ទណ្ឌកម្មទៅលើមន្ត្រីនៃរបបយោធា។

    វាច្បាស់ណាស់ថា «ប្រភពនៃអានុភាពដ៏ធំបំផុតតែមួយគត់របស់អាស៊ានគឺឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ហើយឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២៣ គួរតែធានាថា អានុភាពនេះនឹងត្រូវបានលើកយកមកប្រើប្រាស់»៕

    East Asia Forum

    អត្ថបទទាក់ទង