ខ្មែរប៉ុស្ដិ៍ Close

    ប្រជានិយម និងភាពម៉ត់ចត់ដ៏តិចតួចរបស់នាយករដ្ឋមន្ត្រីឡាវថ្មី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1692
    ប្រជានិយម និងភាពម៉ត់ចត់ដ៏តិចតួចរបស់នាយករដ្ឋមន្ត្រីឡាវថ្មីលោក Sonexay Siphandone

    លោក Sonexay Siphandone បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមិនទាន់បាន ១ ខែនៅឡើយទេ ហើយឥឡូវនេះ យើងកំពុងស្វែងយល់អំពីរបៀបវារៈរបស់រដ្ឋាភិបាលរបស់លោក។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរយៈពេល ២ ថ្ងៃនៅក្នុងខែនេះ ប្រព័ន្ធផ្សព្វផ្សាយបានធ្វើបច្ចុប្បន្នភាពថា «ការផ្តោតអារម្មណ៍កាន់តែខ្លាំងនឹងត្រូវកំណត់លើការសងប្រាក់ដែលរដ្ឋាភិបាលបានជំពាក់ក្រុមហ៊ុនឯកជនដែលបានអនុវត្តគម្រោងអភិវឌ្ឍដែលផ្តល់មូលនិធិដោយរដ្ឋ»។

    កាសែតនេះបានលើកឡើងទៀតថា «រដ្ឋាភិបាលនឹងមិនចាប់ផ្តើមគម្រោងផ្តល់មូលនិធិដោយរដ្ឋដែលមិនសូវសំខាន់ទៀតហើយ ហើយនឹងងាកមកផ្តោតលើកម្មវិធីកាត់បន្ថយភាពក្រីក្រជំនួសវិញ»។ ការធ្វើបច្ចុប្បន្នភាពដូចគ្នានេះត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្នុងនោះ រដ្ឋាភិបាលបាននិយាយថា «ខ្លួនចង់កាត់បន្ថយការចំណាយ, កែទម្រង់អាជីវកម្មរបស់រដ្ឋ និងរៀបចំអតិរេកថវិកា»។

    ការប្រព្រឹត្តដ៏ម៉ត់ចត់តែងតែត្រូវបានសន្យា ហើយការរាយការណ៍របស់រដ្ឋាភិបាលតែងមានលក្ខណៈដូចគ្នានឹងអនុសាសន៍របស់ធនាគារពិភពលោក។ ប៉ុន្តែតើតួលេខបានផ្តល់ការគាំទ្រដល់រឿងនេះទេ?

    កាលពីចុងសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុបានប្រកាសថា «ការចំណាយរបស់រដ្ឋាភិបាលនឹងកើនឡើងពី ៣៤,៥ ទ្រីលានគីបដល់ ៤៣,៤ ទ្រីលានគីប (ប្រហែល ២,៥ ពាន់លានដុល្លារ) នៅឆ្នាំនេះ»។

    ក្រសួងបានសន្និដ្ឋានថា «ប្រាក់ចំណូលរដ្ឋនឹងកើនឡើង ២១,៧% ដល់ ៣៨,៤ ទ្រីលានគីប ដែលនេះគឺជាគោលដៅប្រកបដោយមហិច្ឆតា»។ ប៉ុន្តែក្រសួងបានលើកឡើងនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែវិច្ឆិកាថា «ការប្រមូលចំណូលនៅតែទាបជាងកម្រិតនៅមុនពេលកើតមានវីរុសរាតត្បាត។ ការលើកលែងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់បានបន្តបង្កផលប៉ះពាល់ដល់ការកៀរគរប្រាក់ចំណូល»។

    តួលេខរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា «ការចំណាយរបស់រដ្ឋនឹងមានចំនួនខ្ពស់ជាងមុន ២៦% នៅឆ្នាំនេះ»។ ផ្អែកលើតួលេខរបស់ក្រសួង ឱនភាពនឹងមានចំនួនប្រហែល ៥,០៥ ទ្រីលានគីប (ជិត ៣០០ លានដុល្លារ) ឬ ២,១៦% នៃ GDP ក៏ប៉ុន្តែទាំងអស់នេះនឹងអាស្រ័យលើការសម្រេចបាននូវគោលដៅប្រាក់ចំណូល។

    ដូច្នេះ ផែនការដំបូងមួយចំនួនរបស់លោក Sonexay ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏នឹងមិនមានអ្វីខុសគ្នាពីអ្នកកាន់តំណែងមុនៗនោះដែរ។ សំណួរដែលកាន់តែសំខាន់ជាងនេះទៀតគឺ «តើលោកមានជំនាញក្នុងការគ្រប់គ្រងកិច្ចការងារដែរឬអត់ ប្រសិនបើអ្វីៗមិនដំណើរការទៅតាមផែនការ»។

    ប្រទេសឡាវអាចមិនទទួលបានការពន្យាពេលបំណុលច្រើនដូចកាលពីឆ្នាំមុនទេ ហើយលោក Sonexay នឹងស្ថិតនៅក្រោមសម្ពាធដែលនឹងជំរុញឱ្យលោកផ្តល់សម្បទានដល់ភាគីទាំងអស់។ ប្រទេសចិនដែលជាម្ចាស់បំណុលដ៏សំខាន់ ចង់បានការលើកលែងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនរបស់ខ្លួន។

    ធនាគារអភិវឌ្ឍន៍មួយចំនួន ដូចជា ADB ចង់បានបទប្បញ្ញត្តិអាជីវកម្មតិចជាងមុន។ ដោយសារការគ្រប់គ្រងបំណុលមានលក្ខណៈកាន់តែពិបាក បូករួមនឹងតម្រូវការកាត់បន្ថយការចំណាយលើគម្រោងសង្គម និងលើហេដ្ឋារចនាសម្ព័ន្ធ លោក Sonexay នឹងត្រូវស្វែងរកវិធីដែលល្អប្រសើរជាងអ្នកកាន់តំណែងមុនៗ ដើម្បីបកស្រាយពន្យល់រឿងនេះដល់ប្រជាជន។

    នោះជាកិច្ចការដ៏លំបាកសម្រាប់អ្នកនយោបាយដែលប្រជាជនឡាវជាច្រើនបានគិតថា «លោកអាចឡើងមកដល់តំណែងកំពូលដោយសារតែបក្ខពួកនិយម»។ លោក Sonexay គឺជាកូនប្រុសបង្កើតរបស់លោក Khamtay Siphandone ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្ត, ជាអតីតនាយករដ្ឋមន្ត្រី និងប្រធានគណបក្ស។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំកាលពីខែមុនអាចត្រូវបានគេចាត់ទុកជាការដណ្តើមអំណាចនៅក្នុងគណបក្សកុម្មុយនីស្ត។

    លោក Phankham Viphavanh ដែលជាអតីតនាយករដ្ឋមន្ត្រីត្រូវបានគេនិយាយខ្សឹបខ្សៀវអំពីទំនាក់ទំនងរបស់លោកជាមួយពាណិជ្ជករស្រីជនជាតិឡាវកាត់ចិន ដែលសាកសពរបស់នាងត្រូវបានរកឃើញអណ្តែតទឹកទន្លេមេគង្គនៅក្នុងវ៉ាលីស មួយកាលពីឆ្នាំមុន។ វាក៏មានសំណួរជាច្រើនផងដែរជុំវិញចំនួនលិខិតអនុញ្ញាតសាងសង់ដែលរដ្ឋាភិបាលរបស់លោកបានផ្តល់។

    ជាទូទៅ បញ្ហាទាំងនោះតែងត្រូវបានគេលុបបំបាត់ (និងធ្វើឱ្យស្ងប់ស្ងាត់) បានយ៉ាងងាយស្រួលនៅក្នុងប្រទេសឡាវឯកបក្ស ក៏ប៉ុន្តែបញ្ហាសេដ្ឋកិច្ចបានធ្វើអោយលោក Phankham មិនអាចរើខ្លួនរួច។ ការនិយាយដើម, អំពើអសីលធម៌ និងអំពើពុករលួយ គឺសុទ្ធតែជារឿងធម្មតាសម្រាប់មន្ត្រីជាន់ខ្ពស់ឡាវ។

    ប៉ុន្តែសេដ្ឋកិច្ចបានរងនូវការធ្លាក់ចុះជាមួយនឹងអតិផរណាប្រហែល ៣៩% បូករួមនឹងការដួលរលំនៃរូបិយបណ្ណ ហានិភ័យនៃការមិនអាចមានលទ្ធភាពបង់សងបំណុល។ ទោះជាយ៉ាងណាក៏ដោយ លោក Sonexay ក៏សមនឹងទទួលបានការស្តីបន្ទោសចំពោះផលប៉ះពាល់ដ៏អាក្រក់ផ្នែកសេដ្ឋកិច្ច ដូចលោក Phankham ដែរ។

    លោកត្រូវបានតែងតាំងជាប្រធានក្រុមការងារសេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលកាលពីពាក់កណ្តាលឆ្នាំមុន និងជាអ្នកឆ្លើយតបរបស់រដ្ឋាភិបាល។ លោកបានធ្វើជាឧបនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០១៦ ហើយឥឡូវនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Sonexay អាចមានលទ្ធភាពក្នុងការផ្លាស់ប្តូរស្ថានការណ៌។

    វាអាចជាភ័ព្វសំណាងរបស់លោក ពីព្រោះលោកបានចូលកាន់តំណែងនៅពេលដែលការព្រួយបារម្ភនៅក្រៅប្រទេសមានលក្ខណៈប្រសើរឡើង។ ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់បំផុតបានបញ្ចប់វិធានការរឹតបន្តឹង «Zero-Covid» នៅក្នុងខែធ្នូដែលអាចជួយជំរុញវិស័យទេសចរណ៍ និងផលិតកម្មរបស់ប្រទេសឡាវ។

    ផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងមិនសូវមានលក្ខណៈធ្ងន់ធ្ងរនៅឆ្នាំនេះដូចឆ្នាំមុនទេ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅវៀតណាមនិងថៃ ក៏អាចជារឿងល្អផងដែរ។ រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍បានវាយតម្លៃថា «សេដ្ឋកិច្ចនឹងកើនឡើង ៤,៥% នៅឆ្នាំនេះ បើធៀបនឹងចំនួន ២,៥% នៅឆ្នាំ ២០២២»។

    លោក Zachary Abuza ដែលជាអ្នកវិភាគបានលើកឡើងនៅពេលថ្មីៗនេះថា «លោក Sonexay មានទំនាក់ទំនងនយោបាយដែលអាចជួយឱ្យលោកអាចដំណើរការរដ្ឋាភិបាលបានល្អប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហារបស់ឡាវអាចមានលក្ខណៈជាប្រព័ន្ធ និងធំជាងអ្វីដែលគ្រប់គ្នាបានគិត»។

    បញ្ហាជាច្រើនរបស់ឡាវមិនមែនបណ្តាលមកពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីនោះទេ។ គ្មាននរណាម្នាក់នៅទីក្រុងវៀងចន្ទន៍អាចកំណត់គោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកបានទេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវបានកត់សម្គាល់ថា «ការសងបំណុលនឹងមានចំនួនកាន់តែច្រើននៅឆ្នាំនេះ ដោយសារការពន្យារបំណុលដែលបានផ្តល់ជូននៅឆ្នាំមុន និងការធ្លាក់ចុះនៃតម្លៃប្រាក់គីប»។

    បំណុលជាតិមានចំនួនជិត ១០០% នៃ GDP កាលពីឆ្នាំមុន ហើយវាមិនមែនបណ្តាលមកពីការធ្លាក់ថ្លៃរូបិយបណ្ណតែមួយមុខនោះទេ។ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៦ ឡាវនឹងត្រូវការប្រាក់ប្រហែល ១,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីបង់ការប្រាក់នៃបំណុល។

    កាលពីដើមខែនេះ ក្រសួងហិរញ្ញវត្ថុបាននិយាយថា «ខ្លួននឹងបង្កើនថវិកាចំនួន ៤១,១៥ ទ្រីលានគីបនៅឆ្នាំនេះ ដើម្បីដោះស្រាយឱនភាពសារពើពន្ធដែលបានព្យាករទុក និងដើម្បីសងប្រាក់កម្ចីក្នុងស្រុកនិងក្រៅស្រុក»។ ក្នុងចំណោមនោះ ៣៦,១ ទ្រីលានគីបនឹងត្រូវប្រើប្រាស់ដើម្បីសងប្រាក់កម្ចីក្នុងស្រុក និងក្រៅស្រុក ហើយ ៥,០៥ ទ្រីលានគីបសម្រាប់ឱនភាពសារពើពន្ធ។ ភាគច្រើននៃថវិកាទាំងនេះនឹងមានប្រភពចេញមកពីមូលបត្របំណុល (Bond) ដោយក្នុងនោះ ក្រសួងចង់ចេញមូលបត្របំណុលក្រៅប្រទេសដែលមានតម្លៃ ២៣,៥ ទ្រីលានគីប និង ១០,៩៥ ទ្រីលានគីបពីមូលបត្របំណុលក្នុងស្រុក។

    លោក Sonexay ទំនងជាបានដឹងថា «លោកត្រូវតែព្យាយាមទាក់ទាញភាពស្មោះត្រង់នៅក្នុងជួរគណបក្ស និងត្រូវធ្វើឱ្យគណបក្សទទួលបានទំនុកចិត្តពីសាធារណជនឡើងវិញ»។ លោកប្រហែលជាបានធ្វើសម្បទានមួយចំនួនដល់ប្រតិភូ ដ្ឋសភាដែលបានបោះឆ្នោតឱ្យលោកចូលកាន់តំណែងកាលពីខែមុន និងដល់មូលដ្ឋានរបស់បក្សកុម្មុយនីស្ត។

    នៅប៉ុន្មានថ្ងៃបន្ទាប់ពីលោក Sonexay ក្លាយជានាយករដ្ឋមន្ត្រីថ្មី ការិយាល័យរបស់លោកបានប្រកាសថា នឹងបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្ត្រីរាជការ និងនិយោជិតចូលនិវត្តន៍ចំនួន ១៥០ ០០០ គីប។ វាក៏មានការប្រកាសផងដែរអំពីការជ្រើសរើសមន្ត្រីរាជការថ្មីត្រឹមតែ ៨០០ នាក់ នៅឆ្នាំនេះ ដោយបានធ្លាក់ចុះពីចំនួន ១ ៣០០ នាក់ក្នុងឆ្នាំ ២០២២, ១ ៦០០ នាក់ នៅឆ្នាំ ២០២១ និង ២ ០០០ នាក់នៅឆ្នាំ ២០២០។

    យោងតាមកាសែត Vientiane Times «ការទូទាត់ប្រាក់ខែរដ្ឋនឹងមានចំនួន ១៣,៣ ទ្រីលានគីប បូករួមនឹងប្រាក់ចំនួន ២ ទ្រីលានលានគីបសម្រាប់ប្រាក់ឧបត្ថម្ភរបស់ពួកគេ»។ ចំនួននេះគឺច្រើនជាង ១/៣ នៃថវិកាសរុប។ ការ​ដោះស្រាយ​បំណុល​ជាតិ​គឺ​ជា​រឿងដ៏ចាំបាច់សម្រាប់​នាយក​រដ្ឋមន្ត្រី។

    ប៉ុន្តែអ្វីដែលធ្វើឱ្យលោក Phankham ទទួលបរាជ័យគឺ «លោកមិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់ដើម្បីដោះស្រាយអំពើពុករលួយ ហើយលោកមិនបានវិនិយោគឱ្យបានគ្រប់គ្រាន់លើកម្មវិធីសង្គ្រោះភាពក្រីក្រ (លោកត្រូវបានស្តីបន្ទោសចំពោះការមិនផ្តល់មូលនិធិឱ្យបានគ្រប់គ្រាន់ដល់ជនក្រីក្រក្នុងអំឡុងពេលរាតត្បាតនៃវីរុស)»។

    វិធានការប្រជានិយម ដូចជាទាក់ទងនឹងប្រាក់ខែរបស់មន្ត្រីរាជការ អាចជាអ្វីដែល Sonexay ត្រូវការ ដើម្បីស្តារមុខមាត់របស់គណបក្សឡើងវិញ។ បន្ទាប់​ពី​ការឡើង​កាន់​តំណែង លោក​បាន​សន្យា​ថា​នឹង​បង្កើនស្មារតី​នៃ​បដិវត្តន៍​ឱ្យដល់​កម្រិត​ខ្ពស់​បំផុត។

    បន្ទាប់​ពី​ការ​ខក​ចិត្ត និង​ការ​លំបាក​អស់រយៈពេលជា​ច្រើន​ឆ្នាំ ស្មារតី​នេះ​​​បានធ្លាក់​ចុះ​ដល់កម្រិតទាប​បំផុតនៅ​ក្នុងគណ​បក្ស​កុម្មុយនីស្តឡាវ។ ការលើកលោក Siphandone ឱ្យមកកាន់មុខតំណែងកំពូល ប្រហែលជាអាចផ្តល់ឱ្យសមាជិកមួយចំនួននៃគណ​បក្ស​កុម្មុយនីស្តនូវទំនុកចិត្តខ្ពស់ជាងមុន៕

    David Hutt/The Diplomat

    អត្ថបទទាក់ទង