ខ្មែរប៉ុស្ដិ៍ Close

ឥណ្ឌូណេស៊ីបង្កឱ្យមានភាពចម្រូងចម្រាស់នៅក្នុងកំណែទម្រង់របស់អង្គការ WTO

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1570
ឥណ្ឌូណេស៊ីបង្កឱ្យមានភាពចម្រូងចម្រាស់នៅក្នុងកំណែទម្រង់របស់អង្គការ WTOលោក Joko Widodo

ជាមួយនឹងធនធានដ៏ច្រើនសន្ធឹកសន្ធាប់ ប្រជុំកោះដ៏ធំរបស់ឥណ្ឌូណេស៊ីបានផ្តល់នូវធនធានរ៉ែមួយចំនួន ដូចជា ទង់ដែង, នីកែល, អាលុយមីញ៉ូម និងស័ង្កសី។ នៅខែមករា ឆ្នាំ ២០២០ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញរ៉ែនីកែល ហើយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ប្រធានាធិបតី Jokowi ក៏បានចេញសេចក្តីថ្លែងការណ៍មួយថា «ចាប់ពីខែមិថុនា ឆ្នាំ ២០២៣ ប្រទេសនេះនឹងហាមឃាត់ការនាំចេញរ៉ែបុកស៊ីត (Bauxite Ore) ហើយនឹងលើកទឹកចិត្តដល់ឧស្សាហកម្មកែច្នៃ និងចម្រាញ់រ៉ែបុកស៊ីតនៅក្នុងស្រុក»។

ការមិនសប្បាយចិត្តបានកើតមាននៅក្នុងប្រទេសឥណ្ឌូណេស៊ីជាយូរមកមកហើយនៅក្នុងចំណោមសមាជិកសភា និងសាធារណជន ដោយក្នុងនោះពួកគេបានលើកឡើងថា «ប្រទេសជាតិកំពុងបាត់បង់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ទៅឱ្យក្រុមហ៊ុនបរទេស ហើយប្រជាជននៅក្នុងស្រុកមិនបានទទួលបានផលចំណេញឡើយ»។

សហភាពអឺរ៉ុបបានចាប់ផ្តើមប្រឆាំងនឹងការដាក់កំហិតរបស់ឥណ្ឌូណេស៊ីលើការនាំចេញរ៉ែ នៅឯអង្គការ WTO កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ អនុគណៈកម្មាធិការដែលជាក្រុមការងារដោះស្រាយវិវាទបានសម្រេចថា «ការរឹតបន្តឹងនេះបានរំលោភទៅលើកិច្ចព្រមព្រៀងរបស់អង្គការ WTO»។

ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ីមិនមានបំណងចង់ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួននោះទេ ហើយលោក Jokowi បានបញ្ជាក់យ៉ាងច្បាស់ហើយអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការហាមឃាត់ការនាំចេញសារធាតុបុកស៊ីត ដោយក្នុងនោះលោកបាននិយាយថា «យើងនឹងអនុវត្តនូវបម្រាមលើការនាំចេញរ៉ែ។ យើងមិនខ្វល់ឡើយ បើទោះបីជាមានការប្តឹងទៅកាន់អង្គការ WTO ក៏ដោយ»។

បន្ទាប់ពីការចេញសេចក្តីសម្រេចរបស់ក្រុមដោះស្រាយវិវាទ ឥណ្ឌូណេស៊ីបានប្តឹងជំទាស់ភ្លាមៗ ទៅកាន់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការ WTO។ ប្រសិនបើស្ថាប័នបណ្តឹងឧទ្ធរណ៍សន្និដ្ឋានថា «ការរឹតបន្តឹងនេះបានរំលោភទៅលើកិច្ចព្រមព្រៀងរបស់អង្គការ WTO ឥណ្ឌូណេស៊ីនឹងត្រូវចាត់វិធានការកែតម្រូវ ហើយប្រសិនបើឥណ្ឌូណេស៊ីមិនចាត់វិធានការកែតម្រូវនោះទេ អង្គការ WTO នឹងដាក់ចេញនូវវិធានការឆ្លើយតបដើម្បីដោះស្រាយបញ្ហានេះ»។

មូលដ្ឋានដែលធ្វើឱ្យលោក Jokowi ហ៊ានប្រើសម្តីដ៏ធ្ងន់ៗបែបនេះគឺដោយសារតែ «ដំណើរការដ៏ច្របូកច្របល់នៃស្ថាប័នដោះស្រាយវិវាទ (DSB) របស់អង្គការ WTO ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងបញ្ហានេះ»។ ភាពគ្មានប្រសិទ្ធិភាពនៃស្ថាប័នដោះស្រាយវិវាទ DSB បានកើតមានតាំងពីខែធ្នូ ឆ្នាំ ២០១៩ នៅពេលដែលសហរដ្ឋអាមេរិកបានរារាំងការតែងតាំងសមាជិកថ្មីនៃស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការ WTO និងបានរារាំងអង្គការ WTO មិនឱ្យតែងតាំងសមាជិកស្ថាប័នបណ្តឹងឧទ្ធរណ៍ចំនួន ៣ ដែលគេតម្រូវសម្រាប់ករណីបណ្តឹងឧទ្ធរណ៍និមួយៗ។

នៅពេលដែលការសម្រេចចិត្តរបស់ក្រុមប្រឹក្សាត្រូវបានគេប្តឹងជំទាស់ ការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាមិនត្រូវបានគេផ្តល់សច្ចាប័ននោះទេរហូតទាល់តែការត្រួតពិនិត្យរបស់ស្ថាប័នបណ្តឹងឧទ្ធរណ៍បានបញ្ចប់។ ដោយបានដឹងអំពីបញ្ហានេះ ឥណ្ឌូណេស៊ីបានធ្វើឱ្យបណ្តឹងឧទ្ធរណ៍របស់ពួកគេក្លាយជាមោឃៈដើម្បីពន្យារពេលការដោះស្រាយបណ្តឹងនេះ។

គេបានបង្កើតឱ្យមានកិច្ចព្រមព្រៀងមជ្ឈត្តកម្មបណ្តឹងឧទ្ធរណ៍ពហុភាគី (MPIA) ជាបណ្ដោះអាសន្ន ដើម្បីធ្វើជាជម្រើសមួយជំនួសឱ្យស្ថាប័នបណ្តឹងឧទ្ធរណ៍ ដោយក្នុងនោះបណ្តាប្រទេសនិងតំបន់ចំនួន ៥២ ក្នុងចំណោមប្រទេសជាសមាជិក និងដែនដីចំនួន ១៦៤ បានចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះ។

សហភាពអឺរ៉ុបបានអនុម័តចំពោះការធ្វើវិសោធនកម្មបទប្បញ្ញត្តិរបស់អង្គការនេះកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីធានាឱ្យបានថា «វិធានការឆ្លើយតប នឹងនៅតែត្រូវបានអនុម័ត បើទោះបីជាប្រទេសដែលមិនចូលរួម នៅក្នុងកិច្ចព្រមព្រៀង MPIA ធ្វើការប្តឹងឧទ្ធរណ៍ក៏ដោយ» ក៏ប៉ុន្តែបទប្បញ្ញត្តិដែលត្រូវបានធ្វើវិសោធនកម្មទាំងនេះមិនទាន់ត្រូវបានគេដាក់ឱ្យអនុវត្តនៅឡើយនោះទេ។

បម្រាមទៅលើការនាំចេញជាបន្តបន្ទាប់ដែលត្រូវបានដាក់ចេញដោឥណ្ឌូណេស៊ី គឺជាការប្រឆាំងទៅនឹងក្របខណ្ឌការងាររបស់អង្គការ WTO។ នៅឆ្នាំ ១៩៩៤ កិច្ចចរចាពាណិជ្ជកម្មពហុភាគីរបស់ប្រទេស Uruguay បានបញ្ចប់ទៅជាមួយនឹងកិច្ចព្រមព្រៀងក្នុងការបង្កើតអង្គការ WTO ដែលត្រូវបានគេដាក់ឱ្យដំណើរការនៅឆ្នាំបន្ទាប់។ ជាថ្នូរនឹងការចូលជាសមាជិកអង្គការ WTO ប្រទេសកំពុងអភិវឌ្ឍត្រូវបានគេតម្រូវឱ្យបំពេញតាមកាតព្វកិច្ចមួយចំនួន។

ប្រទេសកំពុងអភិវឌ្ឍទាំងនោះមិនបានទទួលអត្ថប្រយោជន៍ដែលពួកគេគួរតែទទួលបានពីការកាត់បន្ថយពន្ធ នៅក្នុងទីផ្សាររបស់ប្រទេសអភិវឌ្ឍនោះទេ ហេតុដូច្នេះហើយទើបពួកគេមិនពេញចិត្ត និងកាន់តែមានការមិនទុកចិត្ត។ ការចូលរួមនៅក្នុងអង្គការ WTO បានបង្ខំឱ្យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន បោះបង់ចោលគំរូអភិវឌ្ឍសេដ្ឋកិច្ចពីមុនរបស់ពួកគេ។

មុនពេលចូលជាសមាជិករបស់អង្គការ WTO ប្រទេសទាំងនោះបានធ្វើការទាក់ទាញការវិនិយោគបរទេសដែល ផ្តោតទៅលើការនាំចេញតាមរបៀបដែលមិនបង្កផលប៉ះពាល់ដល់ឧស្សាហកម្មនៅក្នុងស្រុករបស់ពួកគេ តាមរយៈការផ្តល់នូវលក្ខខណ្ឌអនុគ្រោះក្នុងស្រុកដល់បណ្តាក្រុមហ៊ុន ដើម្បីទាក់ទាញក្រុមហ៊ុនឧស្សាហកម្ម និងការដាក់លក្ខខណ្ឌលើការ នាំចេញដែលមិនបង្កផលប៉ះពាល់ដល់ឧស្សាហកម្ម ក្នុងស្រុករបស់ពួកគេ។

ការវិនិយោគបរទេសដែលផ្តោតលើការនាំចេញត្រូវបានគេប្រើប្រាស់ជាក្បាលម៉ាស៊ីននៃការធ្វើឧស្សាហូបនីយកម្ម។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីឆ្នាំ ២០០០ មក ពោលគឺរយៈពេល ៥ ឆ្នាំក្រោយការបង្កើតអង្គការ WTO លក្ខខណ្ឌធ្វើសកម្មភាពដែលជាវិធានការពិសេសដែលប្រទេសមួយចំនួនបានអនុវត្តចំពោះក្រុមហ៊ុននានាដែលបានចូលមកក្នុងទីផ្សាររបស់ពួកគេនោះ ត្រូវបានគេហាមឃាត់។

បញ្ហានេះប្រៀបដូចជាការដកហូតយន្តការដ៏មានប្រសិទ្ធភាពរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម។ តាមរយៈការដាក់បម្រាមលើការនាំចេញរ៉ែ លោក Jokowi បានអះអាងថា «ក្រុមហ៊ុនចែកចាយនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសនេះតាមរយៈការយកពន្ធ និងការបង្កើតការងារក្នុងស្រុក»។

តាមពិតទៅ លោក Jokowi បានទទួលជោគជ័យក្នុងការទាក់ទាញរោងចក្រចម្រោះ និងរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅក្នុងវិស័យរ៉ែរួចទៅហើយ ដោយក្នុងនោះ នៅចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុនចំហុយនីកែលបានកើនឡើងពី ២ ដល់ ១៦ ក្រុមហ៊ុន។

ក្រុមហ៊ុន LG Group និងក្រុមហ៊ុន Hyundai Motor Group ដែលមកពីប្រទេសកូរ៉េ ក៏ដូចជាក្រុមហ៊ុន Contemporary Amperex Technology ដែលមកពីប្រទេសចិនក៏បានព្រមព្រៀងគ្នាសាងសង់រោងចក្រអាគុយ EV ផងដែរ។ អង្គការ WTO បានជួយឱ្យបណ្តាក្រុមហ៊ុននានារួចផុតពីកាតព្វកិច្ចរបស់ពួកគេដែលរួមមានទាំងតម្រូវការឱ្យទិញវត្ថុធាតុដើមក្នុងស្រុកនិងតម្រូវ ការទាក់ទងនឹងការនាំចេញដែលអនុញ្ញាតឱ្យពួកគេអាចបង្កើនប្រសិទ្ធភាពផលិតកម្មនិងប្រភពផ្គត់ផ្គង់របស់ពួកគេ។

ប៉ុន្តែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ វាគឺជាបញ្ហាប្រឈមថ្មីនិងជាក់ស្តែងនៅក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក។ នេះជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលធ្វើឱ្យឥណ្ឌូណេស៊ីសម្រេចចិត្តហាមឃាត់ការនាំចេញរ៉ែ។ គម្លាតរវាងប្រទេសដែលសម្បូរធនធាន និងប្រទេសដែលមិនសូវសំបូរ និងសូម្បីតែគម្លាតនៅក្នុងចំណោមប្រទេសដែលកំពុងរីកចម្រើន អាចនឹងរីកកាន់តែធំឡើង។

កំណែទម្រង់អង្គការ WTO ដែលរួមមានទាំងការធ្វើកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទកំពុងតែដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាតម្រូវការដ៏ពិតប្រាកដនោះគឺ «ការត្រួតពិនិត្យមើលប្រព័ន្ធឡើងវិញតាមទស្សនៈវិស័យដែលមានលក្ខណៈបរិយាប័ន្ន ដើម្បីបង្កើតឱ្យមានការពិចារណាកាន់តែទូលំទូលាយលើការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ»។ បម្រាមលើការនាំចេញរ៉ែរបស់ឥណ្ឌូណេស៊ីប្រហែលជាអាចបង្កភាពរង្គោះរង្គើដល់ការធ្វើកំណែទម្រង់របស់អង្គការ WTO ៕

The Diplomat