ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនបានព្យាយាមទាក់ទាញតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1682
ប្រទេសចិនបានព្យាយាមទាក់ទាញតំបន់អាស៊ីអាគ្នេយ៍ប្រទេសចិនបានព្យាយាមទាក់ទាញតំបន់អាស៊ីអាគ្នេយ៍

សមុទ្រចិនខាងត្បូងគឺជាកំណប់ទ្រព្យសម្រាប់រដ្ឋទាំង ៧ ដែលកំពុងតែទាមទារទឹកដីនៅក្នុងតំបន់នោះ ដែលរួមមាន ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម។ ទីក្រុងប៉េកាំងបានមើលឃើញថាតំបន់នោះគឺជាចំណុចប្រទាក់ផ្នែកយោធាដ៏សំខាន់ ជាពិសេសប្រសិនបើសង្រ្គាមផ្ទុះឡើងនៅច្រកសមុទ្រតៃវ៉ាន់។

ភាពតានតឹងកំពុងតែកើនឡើងខ្ពស់។ ទាំងចិននិងអាមេរិក កំពុងព្យាយាមបង្កើតសម្ព័ន្ធភាពជាមួយរដ្ឋទាំងឡាយដែលកំពុងទាមទារ។ ក្នុងនាមជាមហាអំណាចផ្នែកផលិតកម្ម ចិនមានឱកាសល្អជាង ហើយថែមទាំងអាចជួយឱ្យប្រទេសទាំងនោះធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួនថែមទៀតផង។

គេអាចទស្សន៍ទាយបានថា ការផ្តោតអារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោនតែទៅលើផ្នែកសន្តិសុខដែនសមុទ្រនឹងមិនគ្រប់គ្រាន់ក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំនៅក្នុងតំបន់នោះទេ។

បន្ទាប់ពីសមាជជាតិលើកទី ២០ ប្រធានាធិបតីចិន Xi Jinping ដែលកំពុងតែទទួលរងការប្រតិកម្មដោយសារតែយុទ្ធសាស្ត្រ Zero-Covid របស់លោកនោះ បានសម្រេចចិត្តដាក់ចេញនូវការងារជាច្រើននៅក្នុងផ្នែកកិច្ចការបរទេស។ លោកបានងាកទៅរកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។

សម្រាប់ទីក្រុងប៉េកាំង ការរក្សាទំនាក់ទំនងល្អជាមួយប្រទេសទាំងនេះគឺប្រៀបដូចជា ព្រួញ ១ បាញ់បានសត្វ ២ ។ ម្យ៉ាង ចិននឹងទទួលបានទីផ្សារថ្មីតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ (BRI) ហើយ ម៉្យាងវិញទៀត វានឹងក្លាយជាគ្រឹះសម្រាប់ការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង។

ប៉ុន្តែវៀតណាម និងហ្វីលីពីនគឺជាបញ្ហាដ៏លំបាកសម្រាប់ទីក្រុងប៉េកាំង ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក។

កាលពីចុងខែតុលាឆ្នាំមុន ទីក្រុងប៉េកាំងបានអញ្ជើញលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងនាមជាឥស្សរជនបរទេសដំបូងគេ មកបំពេញទស្សនកិច្ចនៅប្រទេសចិនភ្លាមៗបន្ទាប់ពីការបញ្ចប់មហាសន្និបាតជាតិលើកទី ២០។ ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម។ ឯកសារនោះក៏បានរួមបញ្ចូលទាំងផែនការពន្លឿនកិច្ចសហប្រតិបត្តិការរវាងផែនការ BRI របស់ចិន ជាមួយនឹងផែនការច្រករបៀង២ និងក្របខណ្ឌរង្វង់ ១ របស់វៀតណាមផងដែរ។

ក្រោយមក ប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi ក៏បានទទួលស្វាគមន៍ប្រធានាធិបតី Xi នៅក្នុងកិច្ចប្រជុំទ្វេភាគីមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយលោកបានហៅលោក Xi ថា «បងប្រុស»។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Xi បានចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំ APEC និងបានជួបជាមួយអ្នកនយោបាយសំខាន់ៗ មួយចំនួននៅក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកក។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីដើមខែមករា។ នៅមុនពេលធ្វើដំណើរ លោកបានបង្ហាញសញ្ញាយ៉ាងច្បាស់អំពីឆន្ទៈក្នុងការសហការជាមួយប្រទេសចិន។

នៅក្នុងជំនួបជាមួយលោកប្រធានាធិបតី Xi លោកក៏បានរំលឹកអនុស្សាវរីយ៍ផ្ទាល់ខ្លួនរបស់លោកអំពីប្រទេសចិន ដែលរួមមានទាំងការជួបជាមួយលោក Mao Zedong នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជាមួយម្តាយរបស់លោកកាលពីឆ្នាំ ១៩៧៤។ ប្រធានាធិបតី Xi ដែលកំពុងតែប្រាថ្នាចង់ធ្វើជាលោក Mao ទី២ បានទទួលលោក Marcos យ៉ាងកក់ក្តៅ ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានធ្វើការអភិវឌ្ឍតំបន់ថ្មប៉ប្រះទឹកដែលកំពុងមានជម្លោះ នៅក្នុងតំបន់ប្រជុំកោះ Spratly ឱ្យទៅជាកោះសិប្បនិមិ្មតដែលមានកន្លែងចុះចតយន្តហោះ និងរចនាសម្ព័ន្ធផ្សេងៗទៀត ដែលបានធ្វើឱ្យទីនោះក្លាយជាមូលដ្ឋានយោធាដ៏មានសក្តានុពល។ ជាលទ្ធផល ហ្វីលីពីនបានដាក់ការតវ៉ាចំនួន ១៨៩ ដងប្រឆាំងនឹងចិនកាលពីឆ្នាំមុន ដោយក្នុងនោះការតវ៉ា ៦១ ដងត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីលោក Marcos បានចូលកាន់តំណែង។

នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រធានាធិបតីហ្វីលីពីនមានសំណូមពរចំនួន ២៖

ទី១៖ គឺត្រូវបង្កើតខ្សែទូរសព្ទបន្ទាន់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីចៀសវាងការកើតមានជម្លោះជាយថាហេតុ។
ទី២៖ គឺត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិន ដើម្បីអនុញ្ញាតឱ្យទីក្រុងប៉េកាំងធានាសន្តិសុខដែនសមុទ្រសម្រាប់ទីក្រុងម៉ានីល។

ខណៈពេលដែលមេដឹកនាំរបស់ចិនហាក់ដូចជាមិនមានអ្វីជំទាស់នឹងការបង្កើតខ្សែទូរសព្ទ Hotline នោះ ទីក្រុងប៉េកាំងពិតជាមិនចាប់អារម្មណ៍ក្នុងការធានាសន្តិសុខដែនសមុទ្រសម្រាប់ហ្វីលីពីននោះទេ។

សមុទ្រចិនខាងត្បូងមានសារៈសំខាន់បំផុតសម្រាប់ប្រទេសចិន។ គ្មានមេដឹកនាំកុម្មុយនីស្តចិនរូបណាហ៊ានបោះបង់ចោលខ្សែបន្ទាត់ទាំង ៩ នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺសមុទ្រចិនខាងត្បូងសម្បូរទៅដោយធនធាន។ បន្ថែមពីលើការនេសាទ ក្រសួងថាមពលសហរដ្ឋអាមេរិក (US Energy Administration) បានប៉ាន់ប្រមាណថា សមុទ្រចិនខាងត្បូងមានស្តុកប្រេង និងឧស្ម័នធម្មជាតិប្រហែល ១៩០ ទ្រីលានហ្វីតគូប និងប្រេង ១១ ពាន់លានបារ៉ែល។

នៅទីនោះក៏សំបូរទៅដោយទឹកកកដែលអាចឆេះបាន (methane hydrate) ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួនរហូតដល់ទៅ ៨០ ពាន់លានតោនឯណោះ។ ប្រសិនបើគេអាចយកវាចេញមកបាន វានឹងមានទំហំស្មើនឹងការប្រើប្រាស់ប្រេងរបស់ប្រទេសចិនចំនួន ២០០ ឆ្នាំ។

បច្ចេកវិទ្យាខួង និងការទាញយកទឹកកកដែលអាចឆេះបានរបស់ចិនបានឈានចូលដល់យុគសម័យថ្មីនៃ ស្វ័យភាពក្នុងស្រុក ហើយការ ផលិតទ្រង់ទ្រាយធំត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចន្លោះឆ្នាំ 2028-2030 ។ ផែនការរបស់ទីក្រុងប៉េកាំង គឺត្រូវធ្វើជាម្ចាស់លើបច្ចេកវិទ្យានេះឱ្យបានមុនដៃគូប្រកួតប្រជែងរបស់ខ្លួនដើម្បីអាចប្រើប្រាស់វាដើម្បីសហការជាមួយបណ្តាប្រទេសនៅសមុទ្រចិនខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការរុករក។

សមុទ្រចិនខាងត្បូងក៏មានសារៈសំខាន់សម្រាប់ចិននៅក្នុងផ្នែកយោធាផងដែរ។ ប្រសិនបើទីក្រុងប៉េកាំងអាចគ្រប់គ្រងច្រកទ្វារនេះបាន យ៉ាងហោចណាស់ពួកគេអាចកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកមួយផ្នែកដល់តៃវ៉ាន់ក្នុងករណីមានសង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់។

សម្រាប់ហេតុផលទាំងនេះ ទីក្រុងប៉េកាំងនឹងបន្តបង្កើនវត្តមានយោធារបស់ខ្លួន ទាំងនៅលើអាកាស ក៏ដូចជានៅខាងលើ និងនៅក្រោមទឹក។ មេដឹកនាំចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញសហរដ្ឋអាមេរិកឱ្យចេញពីសមុទ្រចិនខាងត្បូង ទោះបីជាដឹងថារឿងនេះនឹងមិនងាយស្រួលក៏ដោយ។

ថ្មីៗនេះ លោកប្រធានាធិបតី Xi បានសង្ឃឹមយ៉ាងមុតមាំថា ការខ្វែងគំនិតគ្នារវាងប្រទេសជាសមាជិកអាស៊ាន នឹងរារាំងពួកគេពីការបង្កើតរណសិរ្សរួម។ ទីក្រុងប៉េកាំងមិនចង់ប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ដោយពួកគេចង់ដោះស្រាយតាមបែបទ្វេភាគីនិយមជំនួសវិញ។

ជាផ្លូវការ ចិនពេញចិត្តនឹងការបញ្ចប់ការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ទីក្រុងប៉េកាំងមិនពេញចិត្តចំពោះប្រភេទនៃវេទិកាពហុភាគីបែបនេះទេ ព្រោះវាអាចអនុញ្ញាតឱ្យប្រទេសដែលទាមទារទាំងអស់នៅក្នុងតំបន់អាចចូលរួមកម្លាំងប្រឆាំងនឹងប្រទេសចិនបាន។

ប្រធានាធិបតី Xi ចង់ប្រើអានុភាពសេដ្ឋកិច្ចដើម្បីនាំប្រទេសអាស៊ីអាគ្នេយ៍ឱ្យវិលទៅរកភាពរីកចម្រើនម្តងមួយៗ។ កម្ពុជានិងឡាវបានក្លាយជាកូនជឹងរបស់ចិនរួចទៅហើយ។ ហើយគោលដៅបន្ទាប់នោះគឺ វៀតណាម  ហ្វីលីពីន និងឥណ្ឌូនេស៊ី។

គោលជំហររបស់ចិននៅសមុទ្រចិនខាងត្បូងនៅតែមិនផ្លាស់ប្តូរនោះទេសម្រាប់ពេលនេះ ប៉ុន្តែវាទំនងជានឹងកាន់តែតឹងតែងជាងមុនទៅទៀត។ ចិនបានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេចឆ្នាំ ២០១៦ ដែលចេញដោយតុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហើយទីក្រុងប៉េកាំងក៏ទំនងជានឹងបង្ហាញអំពីភាពបត់បែនបន្ថែមទៀតនៅក្នុងការបន្តគោលដៅរបស់ខ្លួន។

ចំណុចដ៏សំខាន់នៃការចរចារបស់ទីក្រុងប៉េកាំងនៅទីនេះ គឺការធ្វើពាណិជ្ជកម្មទ្វេភាគី និងផែនការ BRI ។ រដ្ឋនៅសមុទ្រចិនខាងត្បូងកំពុងស្រេកឃ្លានចំពោះមូលធនបច្ចេកវិទ្យា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

តាមទ្រឹស្តី ចិនដែលជាប្រទេសផលិតដ៏ធំមួយពិតជាអាចបំពេញតាមតម្រូវការខាងលើមួយផ្នែកធំបាន។ ទីក្រុងប៉េកាំងជឿជាក់ថា អាស៊ានជាប្លុកដែលមានសមត្ថភាពតិចតួចក្នុងការសម្របសម្រួល ហើយទំនងជាមិនអាចជួយសមាជិករបស់ខ្លួនឱ្យសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ពួកគេនោះទេ។

ម្យ៉ាងវិញទៀត ទំនើបភាវូបនីយកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មិនអាចសម្រេចបានដោយគ្មានជំនួយពីខាងក្រៅនោះដែរ។ ជាឧទាហរណ៍ : នៅវៀតណាម បើទោះបីជា GDP របស់ប្រទេសនេះមានកំណើនគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន ៨% ក៏ដោយ ក៏ប្រទេសនេះនៅតែត្រូវពឹងផ្អែកទៅលើប្រទេសចិន។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិនបានកើនឡើង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹង ៧០% នៃការនាំចូលសរុបរបស់វៀតណាម។ ចិនគឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់វៀតណាម សម្រាប់វត្ថុធាតុដើមនិងគ្រឿងបន្លាស់។

ចំណែកហ្វីលីពីនវិញ ក៏កំពុងត្រូវការថាមពលនិងហេដ្ឋារចនាសម្ព័ន្ធច្រើនជាងវៀតណាមទៅទៀត។ ជាឧទាហរណ៍ : អាកាសយានដ្ឋានទីក្រុងម៉ានីលនៅពេលថ្មីៗនេះត្រូវលុបចោលជើងហោះហើរអស់រាប់រយជើង ដោយសារការដាច់ចរន្តអគ្គិសនី។

នៅពេលដែលចិនកំពុងបង្កើនការប៉ុនប៉ងរបស់ខ្លួនដើម្បីទាក់ទាញប្រទេសនៅសមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកនៅក្នុងតំបន់ហាក់ដូចជាស្តួចស្តើងខ្លាំងណាស់។ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ការគាំទ្រផ្នែកយោធាដល់រដ្ឋដែលកំពុងទាមទារ ដើម្បីការពារដែនទឹក ក៏ដូចជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ។ ប៉ុន្តែអាមេរិកមិនបានលើកឡើងទាល់តែសោះអំពីការអភិវឌ្ឍសេដ្ឋកិច្ច។

ទោះបីជាមានការបើកឱ្យដំណើរការក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រធានាធិបតី Joe Biden ក៏ដោយ ក៏វឌ្ឍនភាពជាក់ស្តែង មានតិចតួចណាស់។ ហើយជារួម អាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀតមិនអាចបង្កើតគម្រោងដើម្បីប្រជែងនឹងផែនការ BRI របស់ចិនបានទេ។

ការបញ្ជូនយន្តហោះនិងនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ ត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិដ៏មានតម្លៃ ប៉ុន្តែការធ្វើបែបនេះតែមួយមុខមិនបានជួយតំបន់នេះឱ្យធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួនបាននោះឡើយ។

ទោះបីជាប្រធានាធិបតី Marcos មិនអាចទទួលបានការសន្យាណាមួយពីសំណាក់ប្រធានាធិបតី Xi ស្តីពីសមុទ្រចិនខាងត្បូងនៅក្នុងកំឡុងពេលនៅទីក្រុងប៉េកាំងក៏ដោយ ប៉ុន្តែដំណើរទស្សនកិច្ចនេះបានបង្កើតឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១០ ក្រោមក្របខណ្ឌនៃផែនការ BRI ជាមួយនឹងគម្រោងវិនិយោគសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ គយ ពាណិជ្ជកម្មអេឡិចត្រូនិក ថាមពលកកើតឡើងវិញ ដំណើរការរុករករ៉ែនីកែល និងទេសចរណ៍។ ទន្ទឹមនឹងនេះ ចិននិងហ្វីលីពីនក៏បានសម្រេចចាប់ផ្តើមធ្វើការចរចាឡើងវិញអំពីការអភិវឌ្ឍប្រេងនិងឧស្ម័ន ហើយប្រធានាធិបតី Xi ក៏ទំនងជានឹងណែនាំឱ្យយោធាបន្ថយល្បឿននៃការសាងសង់កោះសិប្បនិមិត្តជាបណ្ដោះអាសន្ន ដើម្បីជាកាយវិការនៃសុច្ឆន្ទៈ។

ប៉ុន្តែថាតើគម្រោងទាំងអស់នេះនឹងលេចចេញជារូបរាងឬអត់នោះ វាអាស្រ័យទៅលើរបៀបដែលសេដ្ឋកិច្ចចិនងើបឡើងវិញ។ ទស្សនវិស័យសកលនៅឆ្នាំ ២០២៣ គឺពិតជាមានភាពអាក្រក់សម្រាប់ប្រទេសដែលពឹង ផ្អែកខ្លាំងទៅលើការនាំចេញ។

ហើយបើទោះបីជាសេដ្ឋកិច្ចរបស់ចិនអាចងើបឡើងវិញយ៉ាងឆាប់រហ័សក៏ដោយ នេះមិនមែនមានន័យថា គម្រោងទាំងអស់នោះនឹងត្រូវបានបញ្ចប់នោះទេ។

អ្នកកាន់តំណែងមុនរបស់ប្រធានាធិបតី Marcos គឺអតីតប្រធានាធិបតី Rodrigo Duterte ក៏បានអួតអំពីការនាំយកទឹកប្រាក់ចំនួន ២៤ ពាន់លានដុល្លារ នៅក្នុងការសន្យាវិនិយោគនៅពេលលោកបានធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសចិន កាលពីឆ្នាំ ២០១៦ ផងដែរ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ចិនបានផ្តល់តែចំណែកតូចមួយនៃការវិនិយោគ និងប្រាក់កម្ចីដែលពួកគេបានសន្យាតែប៉ុណ្ណោះ។

នៅក្នុងសេណារីយ៉ូទី១ រដ្ឋាភិបាលអាមេរិកនឹងប្រើគោលនយោបាយស្វែងរកសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងសន្តិសុខដែនសមុទ្រសម្រាប់ប្រទេសដែលពាក់ព័ន្ធ ខណៈពេលពួកគេនឹងបន្តមិនយកចិត្តទុកដាក់លើទំនាក់ទំនងសេដ្ឋកិច្ចនោះឡើយ។ ទីក្រុងវ៉ាស៊ីនតោន បានខិតខំប្រឹងប្រែងតិចតួចណាស់ក្នុងការជួយតំបន់នេះឱ្យបង្កើនល្បឿនដំណើរការទំនើបកម្មរបស់ខ្លួន។ យូរៗទៅ ឥទ្ធិពលសេដ្ឋកិច្ចនិងវប្បធម៌របស់ទីក្រុងប៉េកាំង ពិតជាមានភាពទាកទាញជាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្ត។

វៀតណាមនិងហ្វីលីពីនដែលដើមឡើយបានរក្សាគម្លាតពីប្រទេសចិន បានទម្លាក់ចោលបញ្ហាសន្តិសុខ ហើយបានសម្រេចចិត្តចូលមកនៅខាងទីក្រុងប៉េកាំង ព្រោះចិនបានផ្តល់ឱ្យពួកគេនូវរង្វាន់ដ៏ច្រើនទាំងនៅក្នុងរយៈពេលខ្លី និងមធ្យម។

សេណារីយ៉ូនេះទំនងជានឹងកើតឡើងនៅក្នុងរយៈ ពេល ២ ឬ ៣ ឆ្នាំខាងមុខ ប្រសិនបើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិននឹងមានដំណើរការល្អនៅឆ្នាំនេះ ហើយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅតែមិនអាចចេញផុតពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

នៅក្នុងសេណារីយ៉ូទី២ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចនឹងដឹងខ្លួនថា ការអនុវត្តច្បាប់អន្តរជាតិ និងការការពារសន្តិសុខដែនសមុទ្រនឹងមិនគ្រប់គ្រាន់នោះទេ។ ពួកគេនឹងងាកមកជួយប្រទេសមួយចំនួន ដូចជាឥណ្ឌា ឱ្យសម្រេចបាននូវសមត្ថភាពផលិតកម្មដែលអាចស្មើនឹងផ្នែកខ្លះនៃប្រទេសចិនដើម្បីអាចប្រកួតប្រជែងជាមួយនឹងផែនការ BRI តាមរយៈការផ្តល់មូលនិធិពីសំណាក់លោកខាងលិច, វិស័យបច្ចេកវិទ្យាទំនើប និងផលិតផលដែលមានតម្លៃថោក, វត្ថុធាតុដើម និងកម្លាំងពលកម្មរបស់ប្រទេសឥណ្ឌា។

ដោយមានការគាំទ្រពីសំណាក់លោកខាងលិច ប្រទេសនៅសមុទ្រចិនខាងត្បូងនឹងទទួលបាននូវការធានាផ្នែកសន្តិសុខ និងការគាំទ្រផ្នែកសេដ្ឋកិច្ច។ ថ្វីបើប្រទេសចិនមិនមានបន្ធូបន្ថយការត្រួតត្រានៅក្នុងតំបន់ទាំងនោះក៏ដោយ ក៏រដ្ឋនៅតំបន់នោះនឹងងាកមករកលោកខាងលិចវិញ។

វានៅមានឱកាសសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចបាននូវការផ្លាស់ប្តូរនេះ ប៉ុន្តែកង្វះយុទ្ធសាស្ត្រស៊ីសង្វាក់គ្នាសម្រាប់តំបន់សមុទ្រចិនខាងត្បូង បានធ្វើឱ្យវាមិនទំនងទេថា ករណីនេះនឹងអាចកើតមានឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

សេណារីយ៉ូទី៣ គឺថា លោកខាងលិចនឹងមិនជួយប្រទេសនៅក្នុងសមុទ្រចិនខាងត្បូងឲ្យអភិវឌ្ឍផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដោយសារតែការគ្រប់គ្រងមិនល្អរបស់លោក Xi Jinping នឹងជួយបន្តរក្សាស្ថានភាពឱ្យនៅដដែល។ ហើយទាំងសហរដ្ឋអាមេរិកនិងចិនសុទ្ធតែមិនអាចក្លាយជាអ្នកលេងដ៏លេចធ្លោនៅក្នុងតំបន់នោះឡើយ៕

GIS Report Online

អត្ថបទទាក់ទង