ខ្មែរប៉ុស្ដិ៍ Close

    តើអាស៊ានបានវង្វេងខ្លួនឯងឬ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1333
    តើអាស៊ានបានវង្វេងខ្លួនឯងឬ?តើអាស៊ានបានវង្វេងខ្លួនឯងឬ?

    នៅក្នុងបរិយាកាសយុទ្ធសាស្ត្រដែលកាន់តែស្មុគស្មាញ អាស៊ានចាំបាច់ត្រូវបង្កើតឡើងវិញនូវភាពប្រាកដនិយម និងដំណោះស្រាយដ៏រឹងមាំដែលជាអ្វីដែលខ្លួនធ្លាប់បានធ្វើកាលពីជំនាន់ដែលវៀតណាមបានកាន់កាប់លើកម្ពុជា។ ការដោះស្រាយបញ្ហានៅកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ បានធ្វើឱ្យកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់អាស៊ានមានភាពរឹងមាំ។

    នៅមុនកើតមានវិបត្តិនៅកម្ពុជា អាស៊ានតែងត្រូវបានគេគោរព តែមិនសូវទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ។ វាគឺដោយសារតែ​បញ្ហារបស់​កម្ពុជា​ដែលបានធ្វើឱ្យដៃគូ​សន្ទនា​របស់​អាស៊ាន​មើលឃើញអំពីសារៈសំខាន់របស់ប្លុកនេះ​។ ការឈ្លានពាននិងការកាន់កាប់ប្រទេសកម្ពុជា គឺជាការឆ្លុះបញ្ចាំងអំពីជម្លោះចិន-សូវៀតដែលហួសពីសមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយ ដែលនេះគឺគ្មានអ្វីខុសគ្នាពីការប្រកួតប្រជែងរវាងអាមេរិកនិងចិននៅពេលបច្ចុប្បន្ននេះទេ។

    ប៉ុន្តែអាស៊ាន​នៅតែ​បង្ហាញ​អំពី​តម្លៃ​របស់ខ្លួន ​តាមរយៈការទប់ទល់អស់​រយៈពេល​ ១ ទសវត្សរ៍​ប្រឆាំងនឹង​សម្ពាធ​ជាច្រើន​ពី​សំណាក់មហាអំណាចដែលរួមមាន​អាមេរិក, ចិន និង​អឺរ៉ុប​។ នៅពេលនោះ អាស៊ានបានក្លាយជា «តួអង្គដ៏សំខាន់» ដោយសារអាស៊ានមានសារៈប្រយោជន៍ និងសារៈសំខាន់។ ប៉ុន្តែសារៈប្រយោជន៍ និងសារៈសំខាន់ ចាំបាច់ត្រូវតែបន្តពង្រឹងនៅក្នុងបរិបទដែលពោរពេញទៅដោយការផ្លាស់ប្តូរ។

    នៅចន្លោះឆ្នាំ ១៩៨៩ នៅពេលដែលជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានដួលរំលំ និងនៅឆ្នាំ ២០០៨ នៅពេលដែលវិបត្តិហិរញ្ញវត្ថុសកលបានបង្កឱ្យមានការមិនសប្បាយចិត្តជាមួយនឹងសកលភាវូបនីយកម្មដែលដឹកនាំដោយអាមេរិក ការគ្រប់គ្រងដ៏លើសលប់របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបិទបាំងនូវការពិតដែលនៅតែបន្តនៃការប្រកួតប្រជែងរវាងអំណាចធំៗ។

    បញ្ហានេះបានកើតមាននៅក្នុងប្រព័ន្ធរបស់រដ្ឋអធិបតេយ្យស្ទើរតែទាំងអស់ ហើយការប្រកួតប្រជែងដែលបានរក្សាភាពស្ងាត់ស្ងៀមអស់រយៈពេល ១៩ ឆ្នាំ ក៏ត្រូវបានលាតត្រដាងឱ្យដឹងជាប្រវត្តិសាស្ត្រ។ វេទិកាសំខាន់ៗរបស់អាស៊ានដែលមានដូចជាវេទិកាតំបន់អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ត្រូវបានបង្កើតឡើងនៅក្នុងអំឡុងពេលដ៏លំបាកទាំងនោះហើយកិច្ចប្រជុំទាំងនោះចាំបាច់ត្រូវកែសម្រួលឡើងវិញដើម្បីអាចដោះស្រាយបញ្ហានៃការប្រកួតប្រជែងជាយុទ្ធសាស្រ្តថ្មីៗ។

    អាស៊ានមានភាពមុះមុតក្នុងការដោះស្រាយបញ្ហាស្មុគស្មាញជាយុទ្ធសាស្ត្រដែលផលប្រយោជន៍របស់មហាអំណាចធំៗបានជួបប្រសព្វគ្នា និងប៉ះទង្គិចគ្នា។ អាស៊ានមានភាពជឿជាក់លើខ្លួនឯងក្នុងការដើរតួជា «តួអង្គសំខាន់»។ ការពង្រីកសមាជិកភាពនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយពុំមានការធ្វើសង្គមភាវូបនីយកម្មគ្រប់គ្រាន់ដល់សមាជិកថ្មីៗ បានធ្វើឱ្យបញ្ហាទាំងនេះមានសភាពកាន់តែធ្ងន់ធ្ងរ។ ធម្មនុញ្ញអាស៊ានមិនអាចយកមកជំនួសដំណើរការ និងអាកប្បកិរិយាក្រៅផ្លូវការភាគ ច្រើនដែលអាស៊ានបានអនុវត្តនោះទេ។

    មាន​តែ​ប្រទេសវៀតណាម​ប៉ុណ្ណោះ​ ដែល​បាន​ចែករំលែកនូវ​អ្វី​ដែលជា​ភាពប្រាកដនិយម​ជា​យុទ្ធសាស្ត្រ​ដែល​សមាជិក​ចាស់ៗធ្លាប់​មាន។ រដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ នៅមីយ៉ាន់ម៉ា គឺជារឿងដែលគួរឱ្យប្រុងប្រយ័ត្ន។ បញ្ហា​បាន​កើត​ឡើង​អស់មួយ​រយៈ​មក​ហើយ ហើយ​លោកស្រី​អង់សាន ស៊ូជី ​ក៏មានចំណែកទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​នេះដែរ។ រដ្ឋប្រហារគឺជាការរំលោភលើធម្មនុញ្ញអាស៊ាន ហើយអាស៊ានចាំបាច់ត្រូវតែចាត់វិធានការ។

    ប៉ុន្តែតើ​អាស៊ាន​បាន​ធ្វើ​អ្វីខ្លះ​កាលពី​ ៨ ​ឆ្នាំមុន នៅពេលដែល​យោធា​ថៃបាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល? ចម្លើយគឺគ្មានលទ្ធផលអ្វីទាល់តែសោះ។ ការដែលព្រះមហាក្សត្រថៃបានអនុម័តតែងតាំងជាបន្តបន្ទាប់នូវមេដឹកនាំរដ្ឋប្រហារនៅក្រោយរដ្ឋប្រហារ គឺជាអំណះអំណាងដ៏រឹងមាំសម្រាប់ភាពស្របច្បាប់នៃសកម្មភាពរបស់ពួកយោធា។ តើរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញមានអំណាចអាចលាងជម្រះអំពើបាបនយោបាយបានដែរឬទេ?

    ដោយសារអាស៊ានមិនបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងរដ្ឋប្រហារនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៤ ហេតុអ្វីបានជាអាស៊ាន (ឬយ៉ាងហោចណាស់រដ្ឋមន្ត្រីការបរទេសមួយចំនួនតូចដែលងប់ងល់នឹងរឿងរដ្ឋប្រហារមីយ៉ាន់ម៉ា) បានជំរុញឱ្យមានការចាត់វិធានការកាលពីឆ្នាំ ២០២១? តើ​វា​បណ្ដាលមកពីបុគ្គលិក​លក្ខណៈ​ផ្សេង​គ្នាដែលស្ដែងឡើងតាមរយៈ​អារម្មណ៍ ឬក៏ដោយសារមីយ៉ាន់ម៉ាមិនសូវមានសារៈសំខាន់ដូចប្រទេសថៃ ដូច្នេះទើបគេត្រូវបញ្ចេញប្រតិកម្មឱ្យបានច្រើនជាងមុន?

    ស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២១ មក។ បច្ចុប្បន្ននេះ អាមេរិកនិងសហភាពអឺរ៉ុបមានកិច្ចការបន្ទាន់ជាច្រើនដែលត្រូវធ្វើក្រៅតែពីបញ្ហាមីយ៉ាន់ម៉ា។ វាអាចទៅរួចដែលថា «ពួកគេស្នើឱ្យអាស៊ានធ្វើសកម្មភាពដើម្បីអាចឱ្យពួកគេយករួចខ្លួន និងអាចបញ្ចេញសកម្មភាពតែតិចតួចក៏បាន»។ ការ​អនុញ្ញាត​ឱ្យ​អាស៊ាន​ដឹកនាំ​កិច្ចការនាំមុខគេមិនបានបង្ហាញអំពីការគាំទ្រចំពោះមជ្ឈភាព​អាស៊ាន​នោះ​ទេ​។

    អាស៊ានពិតជាបានចាត់វិធានការប្រឆាំងនឹងមីយ៉ាន់ម៉ា និងបានធ្វើវាយ៉ាងលឿនរហ័ស។ បន្ទាប់ពីមានការពិគ្រោះយោបល់ជាបន្តបន្ទាប់រួចមក ប្រធាននៅពេលនោះ ដែលដឹកនាំដោយលោក Dato Erywan Yusof ដែលជារដ្ឋមន្ត្រីការបរទេសទី២ របស់ប្រ៊ុយណេ និងដែលជាមន្ត្រីរបស់អាស៊ានដែលសំបូរទៅដោយបទពិសោធន៍ បានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសមួយនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ នៅទីក្រុងហ្សាការតាដែលបានឈានដល់ការបង្កើតចំណុចកុងសង់ស៊ីសចំនួន៥ (5PC) ស្តីពីមីយ៉ាន់ម៉ា។

    គិតមកដល់ដំណាក់កាលនេះ អាស៊ានធ្វើបានល្អ។ ឧត្តម​សេនីយ៍ជាន់ខ្ពស់ Min Aung Hlaing មិន​បានជំទាស់នឹងការឯកភាពនោះទេ ក៏ប៉ុន្តែ​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់របប​យោធា​ស្ទើរតែទាំងស្រុង បន្ទាប់ពីការទទួលបានឯករាជ្យ​។ ប៉ុន្តែយ៉ាងហោចណាស់វាបានបង្ហាញថា «អាស៊ានកំពុងចាត់វិធានការ ដើម្បីរក្សាមជ្ឈភាពអាស៊ាន»។ ប៉ុន្តែ​វា​គឺជា​កំហុស​មួយ​សម្រាប់​អាស៊ាន​ ដែល​បាន​បន្ត​ហាមឃាត់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) ដោយសារចំណុចកុងសង់ស៊ីស 5PC មិនត្រូវបានអនុលោមតាម។

    ប្រសិនបើរបបយោធាគឺ​ជារបប​មួយដែល​មាន​ឆន្ទៈ​ក្នុង​ការ​អត់ធ្មត់ ក្នុងការលុបបំបាត់​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល, ក្នុងការចូលរួម​​សន្ទនាផ្នែក​នយោបាយ ឬ​ក្នុងការអនុញ្ញាត​ឱ្យ​មាន​ការ​សម្រុះសម្រួល​ពី​ខាងក្រៅ នោះរបប​នេះនឹង​មិន​ធ្វើ​រដ្ឋប្រហារ​តាំងពី​ដំបូងទីម្ល៉េះនោះទេ។ ការហាមឃាត់មិនឱ្យចូលរួមគឺជាជំហានមួយដែលធ្ងន់ធ្ងរពេក។ អាស៊ាន​មិន​មានអំណាចអ្វីដែលអាចទៅផ្លាស់ប្ដូរ​ឥរិយាបថ​របស់របបយោធាបាននោះ​ទេ។ វាគឺជា​កំហុសដែលបង្កឡើងដោយអាស៊ានខ្លួនឯង ដែល​បានធ្វើ​ឱ្យ​ប្លុកនេះដើរឆ្ពោះទៅរកភាពជាប់គាំង។

    ចាប់ពីឆ្នាំ ១៩៨៨ ដល់ដើមទសវត្សរ៍ឆ្នាំ ២០០០ អាស៊ានបានរិះគន់លោកខាងលិចចំពោះការទទួលយកអភិក្រមមនោគមវិជ្ជាដែលគ្មានលក្ខណៈបត់បែនចំពោះប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការបដិសេធមិនចូលរួមជាមួយរបបយោធា។ ប៉ុន្តែឥឡូវនេះ អាស៊ានបែរជាកំពុងអនុវត្តគោលនយោបាយដ៏បរាជ័យនេះ។

    អ្វី​ដែល​នឹង​កើត​ឡើង​នៅពេលបន្ទាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ានឹង​អាស្រ័យ​លើរបបយោធា។ រដ្ឋាភិបាលបង្រួបបង្រួមជាតិនិងកងកម្លាំងការពារជាតិរបស់ពួកគេនឹងមិនទទួលបានជោគជ័យនោះទេនៅក្នុងកិច្ចការដែលអង្គការប្រដាប់អាវុធជនជាតិភាគតិចបានព្យាយាមធ្វើ និងបានបរាជ័យអស់រយៈពេលជាង ៧០ ឆ្នាំកន្លងមកនេះ ដែលនោះគឺ «ការផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកយោធា»។

    «កំហុសរបស់អាស៊ានបានកើនឡើង នៅពេលដែលសមាជិកមួយចំនួនបានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងពេលដែលលោកធ្វើជាប្រធានអាស៊ាន»។ បញ្ហាមីយ៉ាន់ម៉ា​អាច​បង្កឱ្យមានការ​បែកបាក់​គ្នាយ៉ាង​ធ្ងន់ធ្ងរនៅផ្ទៃ​ក្នុង​អាស៊ាន។ ប្រទេសថៃនិងឡាវ មានព្រំប្រទល់ជាប់មីយ៉ាន់ម៉ាក៏ប៉ុន្តែពួកគេមិនអាចបន្តព្រងើយកន្តើយចំពោះរបបយោធាជារៀងរហូតនោះទេ។

    មិនយូរមិនឆាប់ ប្រទេសថៃនិងឡាវ អាចនឹងដើរតាមផ្លូវរបស់ពួកគេរៀងៗខ្លួនដើម្បីធានានូវផលប្រយោជន៍របស់ប្រទេស។ នៅពេលដែលពួកគេធ្វើដូច្នោះ សមាជិកផ្សេងទៀតអាចនឹងយកគម្រូតាម។ ការបែកបាក់ដ៏ធំរវាងសមាជិកអាស៊ានដីគោកនិងដែនសមុទ្រជុំវិញបញ្ហាមីយ៉ាន់ម៉ា អាចបង្កផលប៉ះពាល់កាន់តែខ្លាំងដល់សមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការប្រកួតប្រជែងរវាងអាមេរិកនិងចិន។

    ផ្ទុយទៅវិញ នៅពេលដោះស្រាយបញ្ហានៅកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ អាស៊ានបានកំណត់គោលដៅជាក់ស្តែង និងបានបន្តផ្ដោតសំខាន់លើគោលដៅទាំងនោះ។ វាមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកអំពីអ្វីដែលទៅរួច ឬមិនអាចទៅរួច (ទំនាក់ទំនងការទូតផ្ទៃក្នុងអាស៊ានជារឿយៗមានភាពស្មុគស្មាញជាងការរក្សាសម្ព័ន្ធភាពជាមួយប្រទេសនៅខាងក្រៅប្លុក) ក៏ប៉ុន្តែអាស៊ានមិនដែលភ្លេចឡើយនូវអ្វីដែលជាស្នូល និងជាផលប្រយោជន៍របស់ខ្លួន។

    គោលបំណងស្នូលរបស់អាស៊ានគឺ «ការគ្រប់គ្រងទំនាក់ទំនងរវាងសមាជិករបស់ខ្លួន និងនៅផ្ទៃក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ទោះបីជាមានសង្រ្គាមកាប់ចាក់គ្នានៅក្នុងប្រទេសកម្ពុជា និងនៅតាមព្រំដែនថៃក៏ដោយ ក៏អាស៊ានបានបន្តចូលរួមជាមួយវៀតណាម ដោយក្នុងនោះ ឥណ្ឌូណេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។

    មិនមែនគ្រប់សមាជិកអាស៊ានទាំងអស់សុទ្ធតែយល់ស្របនឹងអ្វីដែលឥណ្ឌូណេស៊ីបានព្យាយាមសម្រេចឱ្យបានជាមួយវៀតណាមនោះទេ ក៏ប៉ុន្តែពួកគេទាំងអស់គ្នានៅតែបន្តទំនាក់ទំនងជាមួយវៀតណាមទាំងមិនសប្បាយចិត្ត។ បញ្ហារវាងកម្ពុជាជាមួយនឹងវៀតណាមមិនត្រូវបានសមាជិកអាស៊ានណាមួយចាត់ទុកជាបញ្ហាទ្វេភាគីឡើយ។

    ការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចធំៗ, ផលប្រយោជន៍អធិបតេយ្យកាន់តែតិច និងការដឹកនាំខុស នឹងបង្កឱ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរនៅក្នុងអាស៊ានដែលអាចធ្វើឱ្យប្លុកនេះពិបាកចៀសរួចពីការប្រព្រឹត្តកំហុសដ៏ឆ្កួតលីលា៕

    BILAHARI KAUSIKAN / Fulcrum