ខ្មែរប៉ុស្ដិ៍ Close

    ភាពឡើងចុះនៃការតវ៉ានៅក្នុងប្រទេសថៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1353
    ភាពឡើងចុះនៃការតវ៉ានៅក្នុងប្រទេសថៃភាពឡើងចុះនៃការតវ៉ានៅក្នុងប្រទេសថៃ

    ពិភពនយោបាយថៃដែលតែងតែមានភាពចលាចលបានប្រែជាស្ងប់ស្ងាត់បន្តិចនៅក្នុងពេលកន្លងមក។ ការតវ៉ាដែលដឹកនាំដោយយុវជនបានទាក់ទាញការចាប់អារម្មណ៍របស់ពិភពលោកនៅពេញមួយឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ក៏ប៉ុន្តែវាក៏បានរលាយបាត់ទៅវិញនៅឆ្នាំ ២០២២។ ថាមពលនិងចំណាប់អារម្មណ៍ខ្លាំងចំពោះរឿងនយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យមានការតវ៉ា ឥឡូវនេះបានធ្លាក់ចុះខ្សោយ។

    កិច្ចខិតខំប្រឹងប្រែងដ៏អង់អាចក្លាហានរបស់យុវជនថៃដែលបានតស៊ូអស់រយៈពេល ២ ឆ្នាំប្រឆាំងនឹងរបបយោធាបានធ្វើឱ្យយុវជនជាច្រើននាក់ចាប់ផ្តើមមានអារម្មណ៍ហត់នឿយ បូករួមទាំងអ្នកនយោបាយថៃផងដែរដែលក៏ទំនងជាមានការនឿយហត់ខ្លាំងចំពោះបញ្ហានយោបាយ។ សភាបានខកខានមិនបានចូលប្រជុំជាច្រើនលើកកាលពីពេលថ្មីៗនេះ ដោយក្នុងនោះនាយករដ្ឋមន្ត្រីត្រូវបានបង្ខំឱ្យរំលឹកសមាជិកអំពីការទទួលខុស ត្រូវរបស់ពួកគេក្នុងការចូលរួមនៅក្នុងសម័យប្រជុំ។

    ឥឡូវនេះ ជាមួយនឹងការកំណត់យកកាលបរិច្ឆេទបោះឆ្នោតសកលនៅខែឧសភា ការងារជាក់ស្តែងទាក់ទងនឹងនយោបាយ ដូចជាការជជែកដេញដោល និងការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ត្រូវបានគេទុក ចោល ដោយសារអ្នកនយោបាយកំពុងមមាញឹកជាមួយនឹងការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត។

    ជាមួយនឹងនយោបាយតាមដងផ្លូវត្រូវបានផ្អាក ហើយនយោបាយនៅសភាក៏ត្រូវបានពន្យារពេលរហូតដល់ការបោះឆ្នោត ប្រទេសថៃអាចនឹងមានអារម្មណ៍ថា «ខ្លួនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់»។ មនុស្សជាច្រើនអាចនឹងយល់ថា «ប្រទេសថៃកំពុងនាំគ្នាឈប់សម្រាកនៅទូទាំងប្រទេស» ដោយក្នុងនោះពួកគេបានដកឃ្លាបន្តិច បន្ទាប់ពីការកើតមានការតវ៉ា និងវីរុសរាតត្បាតដ៏លំបាកអស់រយៈពេលជាច្រើនឆ្នាំ និងអាចកំពុងត្រៀមរៀបចំខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅក្នុងពេលបោះឆ្នោតនៅឆ្នាំនេះ។

    នៅពេលដែលការតវ៉ាបានចាប់ផ្តើមនៅឆ្នាំ ២០២០ អ្វីៗទាំងអស់ហាក់ដូចជាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ រយៈពេល ៥ ឆ្នាំនៃការគ្រប់គ្រងដោយរបបយោធា ដែលបានធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០១៤ បានបង្កើតការរំពឹងទុកយ៉ាងសំខាន់ជុំវិញការបោះឆ្នោតនៅឆ្នាំ ២០១៩ ជាពិសេសសម្រាប់ប្រជាជនថៃវ័យក្មេងដែលជាអ្នកបោះឆ្នោតលើកដំបូង។

    អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់គឺ «វត្តមានរបស់គណបក្សថ្មី គឺ Future Forward ដែលរូបភាព និងវេទិកានានារបស់គណបក្សនេះតែងបានផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណ និងបំណងប្រាថ្នារបស់ប្រជាជនថៃក្មេងៗ»។ នៅពេលដែលការបោះឆ្នោតដ៏ខុសឆ្គងបានប្រគល់អំណាចសារជាថ្មីដល់មេដឹកនាំរដ្ឋប្រហារគឺ លោក Prayut Chan-o-cha យុវជនថៃបានសម្តែងនូវការខឹងសម្បារនិងខកចិត្តយ៉ាងខ្លាំង។

    ពួកគេបានគោរពតាមនីតិវិធីប្រជាធិបតេយ្យរបស់ប្រទេសថៃរហូតដល់គណបក្សអនាគតថ្មី (Future Forward) ត្រូវបានរំលាយនៅឆ្នាំបន្ទាប់ ដោយសេចក្តីសម្រេចដ៏គួរឱ្យសង្ស័យរបស់តុលាការធម្មនុញ្ញ ដែលបានធ្វើឡើងក្រោមហេតុផលនយោបាយ។ ការតវ៉ាប្រឆាំងនឹងការរំលាយបក្ស Future Forward ត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យនានា នៅជុំវិញទីក្រុងបាងកកកាលពីខែកុម្ភៈ ឆ្នាំ ២០២០ និងបានទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួម។

    យុវជនថៃបានបង្កើនសំឡេងរបស់ពួកគេនិងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសដោយរបបយោធា និងតុលាការ៕

    The Diplomat

    អត្ថបទទាក់ទង