ខ្មែរប៉ុស្ដិ៍ Close

កង្វះថាមពលសកល និងសមុទ្រចិនខាងត្បូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1645
កង្វះថាមពលសកល និងសមុទ្រចិនខាងត្បូងអណ្ដូងប្រេង និងនាវាដឹកប្រេងរបស់ចិន កាលពីឆ្នាំ ២០២០ នៅក្នុងដែនទឹកភាគខាងជើងនៃសមុទ្រចិនខាងត្បូង (Pu Xiaoxu/Xinhua via Getty Images)

កាលពីខែមុនរដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុម័តការរុករកឧស្ម័នធម្មជាតិនៅក្នុងប្លុកឧស្ម័ន Tuna ដែលជាផ្នែកមួយនៃទីតាំងដែលមានឧស្ម័នធម្មជាតិមិនទាន់ត្រូវបានគេប្រើប្រាស់ដ៏ធំបំផុតនៅក្នុងពិភពលោក។ ការអភិវឌ្ឍនៅពេលនេះគឺពិតជារឿងដ៏ល្អបំផុត ខណៈការផ្គត់ផ្គង់ថាមពលសកលកំពុងតែទទួលរងនូវការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដោយសារតែការប្រកួតប្រជែងផ្នែកថាមពលកាន់តែខ្លាំងឡើង និងការគ្រប់គ្រងរូបិយវត្ថុកាន់តែតឹងតែង។ រហូតមកដល់ពេលនេះបញ្ហាសន្តិសុខថាមពលកំពុងតែត្រូវបានគេធ្វើឱ្យប្រសើរឡើង ដោយសារការមិនសូវចុះត្រជាក់នៅក្នុងរដូវរងានៅអឺរ៉ុប និងវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតឡើង។

គម្រោងរុករកខាងលើគួរតែផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ី។ រដ្ឋាភិបាលគ្រោងនឹងទទួលបានប្រាក់ចំណូលសរុបប្រមាណ ១,២៤ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៣៥ ហើយគម្រោងនេះក៏នឹងបង្កើនការនាំចេញឧស្ម័នធម្មជាតិយ៉ាងច្រើនទៅកាន់ប្រទេសវៀតណាម និងលើកកម្ពស់ជំហររបស់ឥណ្ឌូនេស៊ីឱ្យក្លាយជាប្រទេសដែលផលិតឧស្ម័នដ៏សំខាន់។

ទោះបីជាយ៉ាងណាក៏ដោយ ការចំណាយគឺមិនមែនតិចតួចនោះទេ ដោយគេត្រូវចំណាយថវិកាទៅលើការវិនិយោគប្រមាណ ១,០៥ ពាន់លានដុល្លារ និងការធ្វើប្រតិបត្តិការប្រមាណ ២,០២ ពាន់លានដុល្លារ។

ទីតាំងនៃគម្រោងនេះក៏ងាយនឹងបង្កឱ្យមានជម្លោះផងដែរ ដោយសារប្លុកឧស្ម័ន Tuna មានទីតាំងស្ថិតនៅជិតកោះ Natuna នៃប្រទេសឥណ្ឌូនេស៊ី និងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ បើគិតតាមទីតាំងភូមិសាស្រ្ត តំបន់នោះស្ថិតនៅជិតប្រទេសវៀតណាមជាងឥណ្ឌូនេស៊ី ហើយក្រុមហ៊ុន Harbor Energy ដែលជាក្រុមហ៊ុនទទួលបន្ទុកការងារលើគម្រោងនេះ ក៏គ្រោងនឹងសាងសង់បំពង់បង្ហូរដើម្បីនាំចេញឧស្ម័នភាគច្រើនទៅកាន់ប្រទេសវៀតណាមផងដែរ។

អ្វីដែលសំខាន់ជាងនេះទៅទៀត ប្លុកឧស្ម័ន Tuna ក៏មានទីតាំងស្ថិតនៅលើជ្រុងម្ខាងនៃ «ខ្សែបន្ទាត់ nine-dash line» ដែលប្រទេសចិនកំពុងទាមទារដែលជាហេតុបង្កឱ្យមានការភ័យខ្លាចថា ប្រទេសចិនអាចព្យាយាមធ្វើអន្តរាគមន៍ក្នុងការទាញយកឧស្ម័នធម្មជាតិរបស់ឥណ្ឌូនេស៊ី។ រហូតមកដល់ពេលនេះ ការឆ្លើយតបរបស់ប្រទេសចិនចំពោះការរុករកនៅក្នុងប្លុកឧស្ម័ន Tuna គឺនៅមានកម្រិតតិចតួច តែជាក់ស្តែង ចិនបានបង្ហាញកម្លាំងយ៉ាងគឃ្លើន ដោយពួកគេបានបញ្ជូននាវាស៊ីវិល និងឆ្មាំការពារឆ្នេរទៅកាន់តំបន់រុករកនោះក្នុងចេតនាបំភិតបំភ័យ ខណៈកងនាវាចរឥណ្ឌូនេស៊ីក៏បានឆ្លើយតបវិញតាមរយៈការបញ្ជូននាវារបស់ខ្លួនមួយចំនួនទៅកាន់ទីនោះផងដែរ។

ចិនក៏បានប្រើប្រាស់យុទ្ធវិធីដូចគ្នានេះទៅលើភាគីជម្លោះនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតនៅសមុទ្រចិនខាងត្បូង។ កាលពីខែកញ្ញាដល់ខែតុលាឆ្នាំមុន ចិនបានបញ្ជូនកងនាវាជំនួយនិងនាវាកងជីវពលដើម្បីរារាំងការរុករកប្រេងនៅក្នុងតំបន់ EEZ របស់ប្រទេសម៉ាឡេស៊ី ហើយកាលពីខែមិថុនា ឆ្មាំការពារឆ្នេររបស់ចិន និងនាវាកងជីវពលដែនសមុទ្រក៏បានរារាំងទាហានហ្វីលីពីនមិនឱ្យចូលទៅកាន់ទីតាំងឈរជើងរបស់ពួកគេនៅតំបន់ Thomas Shoal ដែលត្រូវបានកាន់កាប់ដោយប្រទេសហ្វីលីពីនផងដែរ។

តាមទស្សនៈរបស់ប្រទេសចិន វាមានហេតុផលល្អក្នុងការរក្សាការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិនងាយនឹងទទួលរងគ្រោះខ្លាំងចំពោះផលប៉ះពាល់នៅក្នុងទីផ្សារថាមពលពិភពលោក។

ចិនបាននាំចូលថាមពលដ៏ច្រើនដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន ហើយប្រភពថាមពលដែលពួកគេបានប្រើប្រាស់នៅក្នុងស្រុកនៅមានតម្លៃថ្លៃ ហើយតម្លៃផលិតកម្មក៏ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់រដ្ឋដែលជាម្ចាស់សហគ្រាស។

សម្រាប់ពេលនេះ ចិនមានលទ្ធភាពទទួលបានប្រេងដែលមានតម្លៃថោករបស់រុស្ស៊ី ប៉ុន្តែវានឹងមិនមានភាពស្ថិតស្ថេរនោះទេ។ នៅក្នុងរយៈពេលខ្លី តម្លៃដ៏ទាបនេះបានផ្តល់នូវអានុភាពពិសេសដល់ប្រទេសដែលទិញ ប្រេងរបស់រុស្ស៊ី និងផ្តល់នូវអំណាចចរចាកាន់តែច្រើនដើម្បីជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ។

ទោះបីជាយ៉ាងណាក៏ដោយ វាក៏បានបង្ហាញអំពីការក្តោបក្តាប់យ៉ាងណែនរបស់លោកខាងលិចទៅលើទីផ្សា រហិរញ្ញវត្ថុ និងប្រេងរបស់ពិភពលោកផងដែរ ដោយសារក្រុមហ៊ុន ដឹកជញ្ជូននិងធានារ៉ាប់រងរបស់ចិនរហូតមកដល់ពេលនេះបានបង្ហាញភាព ស្ទាក់ស្ទើរក្នុងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។

ទោះបីជាទទួលបានជោគជ័យអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងការបង្កើនសម្ពាធលើភាគីជម្លោះផ្សេងៗទៀតនៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏ការវិវត្តនៅពេលថ្មីៗនេះ ហាក់ដូចជាបានបង្កឱ្យមាននិន្នាការប្រឆាំងនឹងប្រទេសចិន។ រដ្ឋដែលជាភាគីជម្លោះកំពុងពង្រឹងការការពាររបស់ពួកគេ។

វៀតណាមបានពង្រីកការរានដីនៅលើកោះរបស់ខ្លួនយ៉ាងច្រើននៅឆ្នាំ ២០២២ ដោយបង្កើតបានដីថ្មីជិត ៤២០ acres។ ការឈ្លានពានរបស់ចិនបានរុញច្រានឱ្យប្រទេសហ្វីលីពីននិងវៀតណាមដែលជាសត្រូវចាស់របស់ចិន ងាកទៅជិតសហរដ្ឋអាមេរិក ហើយសកម្មភាពរបស់ចិនក៏បានជំរុញឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិ នៅទូទាំងតំបន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ។

ការបញ្ចប់ការកំណត់ព្រំដែនសមុទ្ររវាងវៀតណាមនិងឥណ្ឌូនេស៊ីនៅពេលថ្មីៗនេះ បានជួយឱ្យមានការកំណត់យ៉ាងច្បាស់ចំពោះតំបន់ EEZs រៀងៗខ្លួនរបស់ពួកគេ ដែលនេះគឺជាបើកផ្លូវសម្រាប់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដើម្បីរួបរួមគ្នានៅក្នុងការចរចាក្រមប្រតិបត្តិ។

ប្រទេសចិនក៏កំពុងជួបប្រទះនឹងសម្ពាធនៅក្នុងស្រុងផងដែរ។ វិបត្តិអចលនទ្រព្យដែលបកំពុងបន្ត និងភាពវ័យចំណាស់នៃប្រជាសាស្រ្តបានធ្វើឱ្យកំណើនក្នុងស្រុកមានភាពចុះខ្សោយយ៉ាងខ្លាំង ដែលធ្វើឱ្យប្រទេសចិនត្រូវពឹងផ្អែកកាន់តែខ្លាំងទៅលើទីផ្សារពិភពលោក។ អ្វីដែលជាបញ្ហាបន្ថែមពីលើនេះទៀតនោះគឺជាហានិភ័យនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកបូកផ្សំនឹងការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោក និងវិបត្តិហិរញ្ញវត្ថុដែលអាចនឹងកើតឡើង។

មានសញ្ញានៃការបន្ទន់ជំហរការទូតរបស់ចិននៅលើពិភពលោក។ ការផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេស Wang Yi និងអ្នកនាំពាក្យ Zhao Lijian ជំនួសដោយលោក Qin Gang និងលោក Wang Wenbin ដែលមានទំនាក់ទំនងល្អជាមួយអាមេរិក អាចជាសញ្ញាបង្ហាញថាចិនបានត្រៀមខ្លួនរួចរាល់ក្នុងការចរចាលក្ខខណ្ឌដែលមាន ភាពអំណោយផលបន្ថែមទៀតជាមួយភាគីជម្លោះ។

ឥណ្ឌូនេស៊ី និងភាគីជម្លោះផ្សេងទៀតគួរតែប្រើឱកាសនេះដើម្បីទទួលបានផលប្រយោជន៍របស់ពួកគេ។ ពួកគេគួរតែធ្វើការកំណត់នូវគោលដៅមួយចំនួន ដូចជាការកាត់បន្ថយការលុកលុយរបស់នាវាចិនចូលទៅក្នុងតំបន់ EEZs របស់ពួកគេ ហើយបន្ទាប់មកត្រូវប្រើប្រាស់នូវដំណោះស្រាយទាំងអស់ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនោះ។

ពួកគេក៏គួរតែបង្កើនតម្លាភាពនៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋជាសមាជិក និងប្រទេសចិន ដែលរួមមានទាំងគម្រោងផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយដែលចិនកំពុងមានប្រៀបជាខ្លាំង។

វិធានការមួយទៀតដែលអាចជួយបង្កើនភាពស្របច្បាប់និងការទទួលបានទីតាំងដែលមានធនធានធម្មជាតិទាំងនេះ គឺការអញ្ជើញក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់ចិន ឬក្រុមហ៊ុនបរទេសផ្សេងទៀតឱ្យមកធ្វើប្រតិបត្តិការ នៅក្នុងសមុទ្រដែលមានជម្លោះ។ បន្ទាប់មកចិនអាចសាងសង់បំពង់បង្ហូរនិងហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់ការរុករកថ្មីនោះមកកាន់ទីក្រុងឧស្សាហកម្មរបស់ខ្លួនដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពល និងជួយធានាអ្នកទិញពីភាគីរដ្ឋដែលអាចបង្កជម្លោះ។

ទោះបីជាវាអាចត្រូវចំណាយពេលខ្លះក្នុងការអនុវត្តក៏ដោយ ក៏ការចែករំលែកធនធានសមុទ្រ គឺមានភាពប្រសើរជាងជម្រើសផ្សេងទៀតដែលអាចធ្វើឱ្យមានវិបត្តិថាមពលកាន់តែមានសភាពអាក្រក់ទៅៗ៕

The Interpreter

អត្ថបទទាក់ទង