ខ្មែរប៉ុស្ដិ៍ Close

នាយកទីភ្នាក់ងារ CIA លោក Burns បាននិយាយថា ៖ លោក Xi បានបញ្ជាឱ្យយោធាត្រៀមខ្លួននៅត្រឹមឆ្នាំ ២០២៧ សម្រាប់ការឈ្លានពានតៃវ៉ាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1168
នាយកទីភ្នាក់ងារ CIA លោក Burns បាននិយាយថា ៖ លោក Xi បានបញ្ជាឱ្យយោធាត្រៀមខ្លួននៅត្រឹមឆ្នាំ ២០២៧ សម្រាប់ការឈ្លានពានតៃវ៉ាន់នាយក CIA លោក William Burns

នាយកទីភ្នាក់ងារ CIA លោក William Burns បានលាតត្រដាងថា «ប្រធានាធិបតីចិន Xi Jinping បានណែនាំកងទ័ពរបស់លោកឱ្យត្រៀមខ្លួនឱ្យបានរួចជាស្រេចនៅត្រឹមឆ្នាំ ២០២៧ ដើម្បីចាប់ផ្តើមការឈ្លានពានប្រកបដោយជោគជ័យនៅកោះតៃវ៉ាន់»។

លោក Burns បានធ្វើការកត់សម្គាល់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យ Georgetown ដោយក្នុងនោះ លោកក៏បាននិយាយដែរថា «លោកជឿជាក់ថា លោក Xi បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការលុកលុយដ៏ខ្ជះខ្ជាយ និងអូសបន្លាយរបស់ប្រធានាធិបតី Vladimir Putin នៅអ៊ុយក្រែន»។

ប្រទេសចិនបានចូលរួមនៅក្នុងជម្លោះទឹកដីដ៏តានតឹងជាមួយកោះតៃវ៉ាន់ដែលជាទីដែលចិនបានអះអាងថាជាផ្នែកមួយរបស់ចិន។ លោក Burns បាននិយាយថា «ផ្អែកលើការវាយតម្លៃរបស់យើងនៅ CIA ខ្ញុំនឹងមិនមើលស្រាលលើមហិច្ឆតារបស់ប្រធានាធិបតី Xi ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ឡើយ។ លោក Xi មានគោលដៅច្បាស់លាស់ណាស់ចំពោះរឿងនេះនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។

លោក Burns បានបន្តថា «ខ្ញុំគិតថា លោក Xi បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបទពិសោធន៍របស់លោក Putin នៅអ៊ុយក្រែន ហើយក៏ប្រហែលជាមិនស្រួលចិត្តចំពោះរឿងនេះដែរ។ យើងបានដឹងថាលោក Xi បានណែនាំដល់កងទ័ពរំដោះប្រជាជន PLA ឱ្យត្រៀមខ្លួនឱ្យបានរួចរាល់នៅត្រឹមឆ្នាំ ២០២៧ ដើម្បីធ្វើការលុកលុយប្រកបដោយជោគជ័យ។ ប៉ុន្តែនេះមិនមានន័យថា លោកបានសម្រេចចិត្តបើកការវាយប្រហារនៅឆ្នាំ ២០២៧ ឬឆ្នាំណាមួយនោះទេ ក៏ប៉ុន្តែវាគឺជាការរំឮកអំពីភាពម៉ឺងម៉ាត់នៃការផ្តោតអារម្មណ៍របស់លោក Xi និងមហិច្ឆតារបស់លោក»។

លោកបានបន្ថែមទៀតថា «ដូច្នេះខ្ញុំគិតថាវាគឺជារឿងសំខាន់ខ្លាំងសម្រាប់គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជាក់ឱ្យបានច្បាស់អំពីការប្តេជ្ញាចិត្តរបស់យើងចំពោះស្ថានភាពបច្ចុប្បន្ន និងក្នុងការបញ្ជាក់ឱ្យច្បាស់ថា ក្នុងនាមជាប្រទេសមួយ យើងមិនមានផលប្រយោជន៍អ្វីនោះទេក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ខណៈដែលយើងតែងតែប្រឆាំងយ៉ាងខ្លាំងចំពោះជនណា ដែលព្យាយាមចង់ផ្លាស់ប្តូរវាជាឯកតោ ភាគី ជាពិសេសដោយការប្រើកម្លាំង»។

លោក Burns បាននិយាយបន្តថា «វាក៏ជារឿងសំខាន់ផងដែរក្នុងការបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយកោះតៃវ៉ាន់បង្កើនការការពារខ្លួន និងគិតគូរពីវិធីសាស្ត្រដ៏ល្អបំផុតដើម្បីទប់ស្កាត់នូវអ្វីដែលអាចនឹងក្លាយជាជម្លោះដ៏អកុសលបំផុតសម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ បូករួមទាំងប្រទេសចិនផងដែរ»។ មន្ត្រីការពារជាតិមួយចំនួនបាននិយាយថា «ការអត្ថាធិប្បាយរបស់លោក Burns បានកើតឡើងនៅពេលដែលយន្តហោះយោធាចិនរាប់សិបគ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៤ គ្រឿង ត្រូវបានគេឃើញនៅជុំវិញកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃសុក្រ»៕

Fox News

អត្ថបទទាក់ទង