ខ្មែរប៉ុស្ដិ៍ Close

    សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) ៖ អាស៊ានកើនថាមវន្ត ខណៈ​ចិននិងជប៉ុន​បានរងនូវការធ្លាក់​ចុះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1803
    សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) ៖ អាស៊ានកើនថាមវន្ត ខណៈ​ចិននិងជប៉ុន​បានរងនូវការធ្លាក់​ចុះអ្នកថ្មើរជើងនៅទីក្រុងបាងកកប្រទេសថៃ (រូបថតដោយ Ken Kobayashi)

    បណ្តាប្រទេសអាស៊ីអាគ្នេយ៍មាន «ថាមវន្តផ្នែកការទូតខ្លាំងជាងពេលណាៗទាំងអស់» ខណៈពេលដែលប្រទេសចិនបានរងគ្រោះដោយសារគោលនយោបាយ «Zero-COVID» ហើយឥទ្ធិពលនៃអំណាចឆ្លាតវៃរបស់ជប៉ុននៅក្នុងតំបន់នៅតែបន្តធ្លាក់ចុះ (យោងតាមសន្ទស្សន៍អំណាចអាស៊ី-Asia Power Index) ឆ្នាំ ២០២៣ របស់វិទ្យាស្ថាន Lowy)។

    កាលពីថ្ងៃអាទិត្យ ស្ថាប័នវិភាគមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី បានចេញផ្សាយនូវសន្ទស្សន៍ប្រចាំឆ្នាំ សម្រាប់រយៈពេលពាក់កណ្ដាលឆ្នាំរបស់ខ្លួន ដើម្បីវាស់ស្ទង់ឥទ្ធិពលរបស់ប្រទេសចំនួន ២៦ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងចំណោមនោះ អាមេរិក, ចិន, ជប៉ុន, ឥណ្ឌា និង រុស្ស៊ី គឺជាប្រទេសដែលមានអំណាចបំផុតទាំង ៥ បើគិតចាប់តាំងពីសន្ទស្សន៍នេះត្រូវបានផ្សព្វផ្សាយនៅឆ្នាំ ២០១៨។

    ប៉ុន្តែ ប្រទេសភាគច្រើនបានជួបប្រទះនូវការធ្លាក់ចុះពិន្ទុ ដោយសារតែ ឥទ្ធិពលនៃវីរុស COVID-19 ដែលនៅតែបន្តកើតមាន។ លោកស្រី Susannah Patton ដែលជាអ្នកដឹកនាំគម្រោងនៃសន្ទស្សន៍នេះបាននិយាយថា «នៅក្រោយការរាតត្បាតនៃវីរុស ប្រទេសជាច្រើនបានពឹងផ្អែកកាន់តែខ្លាំងទៅលើដៃគូពាណិជ្ជកម្មចម្បងរបស់ពួកគេ និងពុំសូវបានធ្វើពិពិធកម្មដៃគូនាំចេញនោះទេ។ បញ្ហានេះបានបង្កផលប៉ះពាល់ដល់ភាពធន់ និងអំណាចជារួមរបស់ពួកគេនៅក្នុងសន្ទស្សន៍អំណាចអាស៊ីឆ្នាំ ២០២៣»។

    ពិន្ទុរបស់ប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុតដែលភាគច្រើននៅផ្នែកឥទ្ធិពលវប្បធម៌, សមត្ថភាពសេដ្ឋកិច្ច និងភាពធន់ ដែលជាចំណុចវាស់វែង ៣ ក្នុងចំណោមចំណុចវាស់វែងទាំង ៨ ដែលវិទ្យាស្ថាន Lowy បានប្រើប្រាស់នៅក្នុងការរៀបចំសន្ទស្សន៍នេះឡើង។ វិទ្យាស្ថាននេះបានពិពណ៌នាអំពី «ភាពធន់» ថាជា «សមត្ថភាពក្នុងការទប់ស្កាត់ការគំរាមកំហែងដ៏ពិតប្រាកដ ឬដែលអាចកើតមានចំពោះស្ថិរភាពរបស់រដ្ឋ»។

    វិទ្យាស្ថាន Lowy បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា «ប្រទេសចិនបាននាំមុខគេជាបន្តបន្ទាប់នៅក្នុងសន្ទស្សន៍នេះនៅផ្នែកទំនាក់ទំនងសេដ្ឋកិច្ច» ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំរបស់ចិនជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។

    ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ដោយបានទៅឈរនៅចំណាត់ថ្នាក់កំពូលផ្នែកសមត្ថភាពសេដ្ឋកិច្ចនេះ។ របាយការណ៍នេះបានលើកឡើងថា «រឿងនេះបានបង្កឡើងដោយការថយចុះយ៉ាងខ្លាំងនៃការតភ្ជាប់ជាសកលរបស់ប្រទេសចិន នៅពេលដែលគោលនយោបាយ Zero-COVID បានបន្តធ្វើឱ្យប្រទេសនេះស្ថិតនៅដាច់ឆ្ងាយពីពិភពលោក»។

    ដោយឡែកចិនបានវ៉ាដាច់អាមេរិកនៅផ្នែកឥទ្ធិពលការទូត ដោយក្នុងនោះ វិទ្យាស្ថាន Lowy បានលើកឡើងថា «វាគឺជាលទ្ធផលនៃមតិរបស់អ្នកជំនាញដែលមានកំហឹងកាន់តែខ្លាំងចំពោះការអនុវត្តរបស់រដ្ឋបាលរបស់លោក Biden នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ប៉ុន្តែអាមេរិកនៅតែបន្តនាំមុខគេនៅផ្នែកភាគច្រើនផ្សេងទៀតដែលរួមមានទាំងបណ្តាញការពារជាតិ, សមត្ថភាពយោធា និងធនធានយោធា។

    ជប៉ុនដែលជាមហាអំណាចកណ្តាលដ៏ធំបំផុតនៅតំបន់អាស៊ីបានបន្តរងនូវការធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការធ្លាក់ចុះដ៏ធំបំផុតរបស់ជប៉ុនគឺភាពធន់ ដែលបានបង្កផលប៉ះពាល់ដល់ការពង្រឹងសមត្ថភាពយោធា និងធនធាន នៅពេលអនាគត។

    វិទ្យាស្ថាន Lowy បានកត់សម្គាល់ថា «ជប៉ុននៅតែបន្តជាមហាអំណាចឆ្លាតវៃដ៏សំខាន់ដែលបានប្រើប្រាស់ធនធាន ដែលមានកម្រិតរបស់ខ្លួនដើម្បីគ្រប់គ្រងឥទ្ធិពលដ៏ទូលំទូលាយនៅក្នុងតំបន់។ ប៉ុន្តែបើទោះបីជាជប៉ុនគឺជាប្រទេសដែលអាចសម្រេចបាននូវជោគជ័យដ៏លេចធ្លោបំផុតនៅក្នុងតំបន់អាស៊ីក៏ដោយ ក៏គម្លាតនៃអំណាចរបស់ប្រទេសនេះបានវិវឌ្ឍទៅកាន់តែ យ៉ាប់យ៉ឺនខ្លាំងជាងមុននៅឆ្នាំ ២០២២»។

    ពិន្ទុសរុបរបស់ឥណ្ឌាបានធ្លាក់ចុះជារៀងរាល់ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក។ ឥណ្ឌាមានឥទ្ធិពលនៅក្នុងតំបន់តិចតួចជាងការរំពឹងទុក ដោយសារធនធានដ៏តិចតួចរបស់ប្រទេសនេះ ហើយឥណ្ឌាបានជាប់ចំណាត់ថ្នាក់ទាបបំផុតនៅក្នុងផ្នែកទំនាក់ទំនងសេដ្ឋកិច្ច ដោយសារតែប្រទេសនេះបានអវត្តមានពីកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ ២០២២។

    ជាមួយគ្នានេះដែររុស្ស៊ីបានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវជំហររបស់ខ្លួននៅក្នុងគ្រប់ចំណុចវាស់វែងទាំងអស់ ដោយសារតែការធ្លាក់ចុះដ៏ធំបំផុតនៃឥទ្ធិពលការទូត ដែលបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់តំបន់ស្តីពីការឈ្លានពានដ៏មហន្តរាយរបស់ខ្លួននៅអ៊ុយក្រែននៅ ក្នុងឆ្នាំ ២០២២ (យោងតាមវិទ្យាស្ថាន Lowy)។

    «ប្រទេសកម្ពុជា, ប្រ៊ុយណេ និងឡាវ ដែលជាសមាជិកចំនួន ៣ របស់អាស៊ាន បានទទួលនូវការកើនឡើងច្រើនបំផុត ដោយសារតែការកើនឡើងនៃសកម្មភាពរបស់ពួកគេនៅក្នុងប្លុកនេះ»។ កម្ពុជាបានធ្វើជាប្រធានអាស៊ានកាលពីឆ្នាំមុន ខណៈដែលប្រ៊ុយណេបានកាន់តំណែងនេះនៅឆ្នាំ ២០២១។ អាស៊ានមានភាពលេចធ្លោនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារសមាជិកភាគច្រើនកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីរក្សាអព្យាក្រឹតភាពរបស់ពួកគេនៅចំពេលមានការកើនឡើងនៃការប្រកួតប្រជែងរវាងអាមេរិកនិងចិន។

    ឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ានមានឥទ្ធិពលការទូតកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីបានធ្វើជាប្រធាននៃកិច្ចប្រជុំ G20 កាលពីឆ្នាំមុន បូករួមនឹងការកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនេះត្រូវបានកាត់បន្ថយដោយសារភាពទន់ខ្សោយនៅឡើយនៅផ្នែកសមត្ថភាពយោធា និងបណ្តាញការពារជាតិ៕

    Nikkei Asia

    អត្ថបទទាក់ទង