ខ្មែរប៉ុស្ដិ៍ Close

    តើច្បាប់អន្តរជាតិបាននិយាយអ្វីខ្លះអំពីបាឡុងចារកម្មរបស់ចិន និងការឆ្លើយតបរបស់អាមេរិក?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1528
    តើច្បាប់អន្តរជាតិបាននិយាយអ្វីខ្លះអំពីបាឡុងចារកម្មរបស់ចិន និងការឆ្លើយតបរបស់អាមេរិក?តើច្បាប់អន្តរជាតិបាននិយាយអ្វីខ្លះអំពីបាឡុងចារកម្មរបស់ចិន និងការឆ្លើយតបរបស់អាមេរិក?

    តើបាឡុងដែលបានលេចឡើងភ្លាមៗនៅពីលើសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន មានគោលបំណងតាមដានព័ត៌មានសម្ងាត់ឬ? ឬវាពិតជាមានជាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រស៊ីវិល ដូចអ្វីដែលប្រទេសចិនបានអះអាង?

    បើទោះបីជាចម្លើយចំពោះសំណួរទាំងនេះប្រហែលជាមិនអាចត្រូវបានគេដឹងភ្លាមៗក៏ដោយ ក៏រឿងនានមួយគឺច្បាស់លាស់ណាស់ដែលនោះគឺ «ភាពឈ្លានពាននៃបាឡុងរបស់ចិន បានក្លាយជាការធ្វើតេស្តសាកល្បងលើព្រំដែនកំណត់នៃច្បាប់អន្តរជាតិ»។

    ឧបទ្ទវហេតុនេះបានបន្ថែមនូវភាពស្មុគស្មាញមួយទៀតចំពោះទំនាក់ទំនងដែលមានភាពតានតឹងរួចស្រេចទៅហើយរវាងអាមេរិកនិងចិន។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ទៅកាន់ទីក្រុងប៉េកាំងត្រូវបានពន្យារពេល ហើយចិនក៏បានបញ្ចេញប្រតិកម្មផ្នែកការទូត ចំពោះការបាញ់ទម្លាក់បាឡុងរបស់ខ្លួនផងដែរ។

    ភាគីទាំងពីរបានខ្វែងគំនិតគ្នាអស់រយៈពេលជាយូរណាស់មកហើយជុំវិញវត្តមានរបស់នាវាចម្បាំងអាមេរិកនៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់ ដែលចិនបានអះអាងថាជា «ដែនទឹករបស់ខ្លួន» ខណៈដែលសហរដ្ឋអាមេរិកបានចាត់ទុកវាជា «ដែនទឹកអន្តរជាតិ»។ តើផ្លូវអាកាសនឹងក្លាយជាអាណាចក្របន្ទាប់ដែលត្រូវរងនូវការប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីរឬ?

    បាឡុងដែលដើរដោយខ្យល់ក្តៅមានប្រវត្តិយោធាដ៏យូរអង្វែង ដោយក្នុងនោះវាត្រូវបានគេប្រើប្រាស់តាំងពីសម័យណាប៉ូឡេអុងនៅទ្វីបអឺរ៉ុបនៅក្នុងអំឡុងចុងសតវត្សរ៍ទី ១៨ និងដើមសតវត្សរ៍ទី ១៩ សម្រាប់បេសកកម្មឃ្លាំមើល និងការទម្លាក់គ្រាប់បែក។ ច្បាប់ដំបូងនៃសង្គ្រាមបានរួមបញ្ចូលនូវវិធានការជាក់លាក់មួយចំនួន ដែលមានគោលបំណងដោះស្រាយការប្រើប្រាស់បាឡុងដោយយោធានៅក្នុងអំឡុងជម្លោះប្រដាប់អាវុធ។

    នៅក្នុងពេលបច្ចុប្បន្ននេះ សារៈសំខាន់នៃបាឡុងនេះត្រូវបានគេមើលរំលង ជាពិសេសនៅក្នុងយុគសម័យនៃយន្តហោះគ្មានមនុស្សបើក (Drone) ដែលបានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងអំឡុងពេលកំពុងកើតមានសង្រ្គាមនៅអ៊ុយក្រែន។

    បើទោះបីជាបាឡុងលែងមានតម្លៃសម្រាប់សមត្ថភាពប្រយុទ្ធនៅក្នុងសង្គ្រាមក៏ដោយ ក៏វានៅតែអាចរក្សាបាននូវសមត្ថភាពពិសេសក្នុងការឃ្លាំមើល ពីព្រោះវាអាចហោះក្នុងរយៈកម្ពស់ខ្ពស់ជាងយន្តហោះ, អាចស្ថិតនៅស្ងៀមលើទីតាំងរសើបៗ និងពិបាកនឹងចាប់សញ្ញាបានដោយប្រព័ន្ធរ៉ាដា។

    ច្បាប់អន្តរជាតិមានភាពច្បាស់លាស់ណាស់ទាក់ទងនឹងការប្រើប្រាស់បាឡុងទាំងនេះនៅក្នុងដែនអាកាសរបស់ប្រទេសដទៃ។ ប្រទេសនីមួយៗមានអធិបតេយ្យភាពពេញលេញ និងមានសិទ្ធិគ្រប់គ្រងលើដែនទឹករបស់ខ្លួន ដែលលាតសន្ធឹងចម្ងាយ ១២ ម៉ាយ (ប្រហែល ២២ គ.ម) ពីឆ្នេររបស់ខ្លួន ហើយប្រទេសនីមួយៗក៏មានអធិបតេយ្យភាពពេញលេញ និងផ្តាច់មុខផងដែរនៅក្នុងដែនអាកាសដែលស្ថិតនៅពីលើទឹកដីរបស់ខ្លួនក្រោមអនុសញ្ញាអន្តរជាតិ។

    ប្រការនេះមានន័យថា «ប្រទេសនីមួយៗមានសិទ្ធិគ្រប់គ្រងលើការចូលទៅកាន់ដែនអាកាសរបស់ខ្លួនដែលរួមមានទាំងយន្តហោះពាណិជ្ជកម្ម និងយន្តហោះរដ្ឋាភិបាល»។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង វាលាតសន្ធឹងដល់កម្ពស់អតិបរមាដែលជាទូទៅ យន្តហោះពាណិជ្ជកម្មនិងយន្តហោះយោធា អាចធ្វើការហោះហើរបានប៉ុណ្ណោះ ដែលមានកម្ពស់ប្រហែល ៤៥ ០០០ ហ្វីត (ប្រហែល ១៣,៧ គីឡូម៉ែត្រ)។

    ទោះជាយ៉ាងណាក៏ដោយ យន្តហោះដែលមានល្បឿនលឿនជាងសំឡេង (Concorde) អាចហោះហើរនៅកម្ពស់ ៦០ ០០០ ហ្វីត (ជាង ១៨ គីឡូម៉ែត្រ) ហើយបាឡុងរបស់ចិនក៏ត្រូវបានគេរាយការណ៍ថាបានហោះនៅកម្ពស់ ៦០ ០០០ ហ្វីតផងដែរ។ ច្បាប់អន្តរជាតិមិនបានគ្របដណ្តប់ដល់កម្ពស់ដែលផ្កាយរណបដំណើរការនោះទេ ដែលតាមទម្លាប់ វានឹងត្រូវបានបញ្ចូលទៅក្នុងដែនសមត្ថកិច្ចរបស់ច្បាប់អវកាស។

    មានក្របខណ្ឌច្បាប់អន្តរជាតិមួយចំនួនដែលផ្តល់សិទ្ធិក្នុងការចូលទៅកាន់ដែនអាកាសរបស់ប្រទេសមួយបាន ដូចជាអនុសញ្ញាទីក្រុងឈីកាហ្គោឆ្នាំ ១៩៤៤ ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានកំណត់ស្រទាប់បន្ថែមនៃច្បាប់ស្តីពីការចូលទៅកាន់ដែនអាកាស បូករួមទាំងសម្រាប់បាឡុង ដែលដើរដោយខ្យល់ក្តៅ ក៏ប៉ុន្តែវាមិនបានផ្តល់សិទ្ធិដល់សកម្មភាពយោធានោះទេ។

    សហរដ្ឋអាមេរិកក៏មានតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ខ្លួនផងដែរដែលជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមត្រជាក់។ វានឹងតម្រូវឱ្យយន្តហោះទាំងអស់ ដែលហោះហើរចូលដែនអាកាសរបស់អាមេរិកត្រូវកំណត់អត្តសញ្ញាណខ្លួនឯង។

    ប្រទេសកាណាដាក៏មានតំបន់បំពេញបន្ថែមរបស់ខ្លួនផងដែរ ហើយប្រទេសនិងតំបន់ជាច្រើនទៀត សុទ្ធតែមានតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសស្រដៀងគ្នា បូករួមទាំងប្រទេសចិន, ជប៉ុន និងតៃវ៉ាន់។ ជាឧទាហរណ៍ : កោះតៃវ៉ាន់តែងតែបញ្ចេញយន្តហោះចម្បាំងដើម្បីឆ្លើយតបទៅនឹងការលុកលុយដែលគ្មានការអនុញ្ញាតនៅក្នុងតំបន់ ADIZ របស់ខ្លួនដោយយន្តហោះចិន។

    ដូច្នេះ ជាមួយនឹងច្បាប់អន្តរជាតិដ៏ច្បាស់លាស់ទាំងនេះ អាមេរិកពិតជាបានប្រកាន់ខ្ជាប់នូវជំហរផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងការឆ្លើយតបចំពោះបាឡុងរបស់ចិន។ ការហោះហើរពីលើអាចប្រព្រឹត្តិទៅបាន លុះត្រាតែមាន ការអនុញ្ញាតពីសហរដ្ឋអាមេរិក។ ដំបូងឡើយ ប្រទេសចិនបានព្យាយាមលើកឡើងថា «បាឡុងនេះបានដំណើរការខុសប្រក្រតី និងបានរសាត់ចូលទៅក្នុងដែនអាកាសអាមេរិក»។

    ប្រសិនបើបាឡុងមិនស្ថិតក្រោមការបញ្ជាទេ នោះវាពិតជាពឹងផ្អែកទាំងស្រុងលើលំនាំខ្យល់ ក៏ប៉ុន្តែរបាយការណ៍មួយនៅក្នុង «Scientific American» បានបង្ហាញថា «ប៉េងប៉ោងនេះហាក់ដូចជាមានកម្រិតខ្ពស់នៃភាពអាចបត់បែន ជាពិសេសនៅពេលដែលវាបានឈប់នឹងថ្កល់នៅពីលើទីតាំងយោធាដ៏រសើបរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Montana»។

    សហរដ្ឋអាមេរិកបានបង្ហាញការអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយចំពោះសកម្មភាពឈ្លានពាននេះ។ ប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យយន្តហោះយោធាបាញ់ទម្លាក់បាឡុងនេះ ក៏ប៉ុន្តែវាត្រូវចំណាយពេលប៉ុន្មានថ្ងៃដើម្បីធានាថា «វាអាចប្រព្រឹត្តិទៅបានដោយសុវត្ថិភាព ដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅលើដី»។

    ឧបទ្ទវហេតុបាឡុងនេះបានក្លាយជាការធ្វើតេស្តសាកល្បងចំពោះរដ្ឋបាល Biden និងការឆ្លើយតបរបស់អាមេរិកចំពោះការឈ្លានពានផ្នែកយោធារបស់ចិនដែលកំពុងកើនឡើង។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះបានកើតឡើងជាទៀងទាត់នៅសមុទ្រចិនខាងត្បូង ដែលជាទីកន្លែងដែលកងទ័ពជើងទឹកអាមេរិកកំពុងធ្វើប្រតិបត្តិការនាវាចរណ៍ដោយសេរីនៅដែនទឹកដែលចិនទាមទារ។

    វត្តមានរបស់សហរដ្ឋអាមេរិកបានរងនូវការប្រឆាំងយ៉ាងខ្លាំងពីសំណាក់កងទ័ពជើងទឹកចិន។ ប្រទេសចិនក៏បានឆ្លើយតបយ៉ាងចាស់ដៃផងដែរចំពោះវត្តមានរបស់យន្តហោះឈ្លបយកការណ៍របស់អាមេរិក នៅលើសមុទ្រចិនខាងត្បូងដែលបានបង្កើនហានិភ័យនៃការកើតមាននូវឧបទ្ទវហេតុដែលអាចឈានទៅបង្កឱ្យមានជម្លោះកាន់តែធំ។

    នៅក្នុងឆ្នាំ ២០០១ យន្តហោះចម្បាំងរបស់ចិនបានបុកជាមួយយន្តហោះ US EP-3 របស់អាមេរិក ដោយបានសម្លាប់អ្នកបើកយន្តហោះចិន និងបានបង្ខំឱ្យយន្តហោះអាមេរិកចុះចតជាបន្ទាន់នៅលើកោះ Hainan របស់ចិន។ អ្វីដែលគួរឲ្យកត់សម្គាល់អំពីឧបទ្ទវហេតុបាឡុងនេះគឺ «ប្រទេសចិនបានអះអាងអំពីវត្តមានរបស់ខ្លួននៅក្នុងព្រំដែនអធិបតេយ្យរបស់អាមេរិក»។

    របៀបដែលភាគីទាំងពីរឆ្លើយតបនៅក្រោយឧបទ្ទវហេតុនេះនឹងកំណត់ថា «តើភាពតានតឹងរវាងចិននិងអាមេរិក នឹងវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗឬយ៉ាងណា» ហើយសកម្មភាពបង្កហេតុនៅពេលអនាគតរវាងភាគីទាំងពីរ ទាំងនៅដែនអាកាស និងនៅដែនសមុទ្រ ក៏អាចនឹងមានការកើនឡើងផងដែរ៕

    The Diplomat