ខ្មែរប៉ុស្ដិ៍ Close

    ដឹងអត់ថា ហាងកាត់សក់ដំបូងបង្កើតនៅឯណា?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 3019
    ដឹងអត់ថា ហាងកាត់សក់ដំបូងបង្កើតនៅឯណា?ដឹងអត់ថា ហាងកាត់សក់ដំបូងបង្កើតនៅឯណា?

    ហាង​កាត់​សក់​ដំបូងៗ ត្រូវ​បាន​មជ្ឈដ្ឋាន​ជឿ​ថា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រិក​សម័យ​បុរាណ (២០០០ មុន​គ.ស-១៣៣ មុន​គ.ស)។


    (អ្នកប្រាជ្ញក្រិក Socrates (ឆ្វេង) Plato (កណ្ដាល) និង Aristotle (ស្ដាំ))

    ក្រិក​បុរាណ​ត្រូវ​បាន​គេ​ឯង​ទទួល​ស្គាល់​ថា​ជា​ប្រភព​មួយ​យ៉ាង​សំខាន់​នៃ​កំណើត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ និង​របប​នយោបាយ​សង្គម​ដែល​នៅ​តែ​មាន​ឥទ្ធិពល​ដល់​សព្វថ្ងៃ។ កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​នូវ​គំនិត​ថ្មីៗ​ជំនាន់​នោះ មួយ​ផ្នែក​ធំ​គឺ​កើត​ឡើង​ពី​ការ​ជជែក​ពិភាក្សា​ដេញ​ដោល​គ្នា។ ដោយ​សង្គម​ក្រិក​បុរាណ​មាន​បរិបទ​បែប​នេះ ទើប​ធ្វើ​ឲ្យ​ការ​បង្កើត​ឡើង​នូវ​កន្លែង​មួយ​ចំនួន​ដែល​អាច​យក​ទៅ​ធ្វើ​ជា​វេទិកា​ដើម្បី​ឲ្យ​មនុស្ស​មាន​ឱកាស​ជុំ​គ្នា​ដើម្បី​ពិភាក្សា​គំនិត​ និង​របក​គំហើញ​របស់​ពួក​គេ។ ​ហាង​កាត់​សក់​ក៏​ស្ថិត​ក្នុង​ចំណោម​កន្លែង​ទាំង​អស់​ហ្នឹង​ដែរ។

    ក្នុង​ក្រិក​បុរាណ បុរស​ច្រើន​មាន​ម៉ូត​សក់​ និង​ពុក​ចង្កា​រួញ​អង្កាញ់​ៗ ដែល​ម៉ូត​បែប​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ថែទាំ​មួយ​ចំនួន​ដូច​ជា កាត់​តម្រឹម មូល​រួញ ធ្វើ​ឲ្យ​ក្រអូប និង​សិត ជា​ប្រចាំ​ពី​សំណាក់​ជាង​កាត់​សក់។ ក្រៅ​ពី​សេវាកម្ម​ទាំង​នេះ ជាង​កាត់សក់​ក៏​បាន​ផ្ដល់​ជូន​ដល់​ភ្ញៀវ​នូវ ការ​ម៉ាស្សា និង​ការ​ថែទាំ​សម្រស់​មួយ​ចំនួន​ទៀត។

    បន្ថែម​ពី​ការ​ថែ​សក់​ ពុកចង្កា និង​សម្រស់​ខ្លួន បុរស​ក្រិក​បុរាណ​ក៏​បាន​យក​កន្លែង​កាត់​សក់​ធ្វើ​ជា​វេទិកា​សម្រាប់​ជួបជុំ​មិត្តភ័ក្ដិ​ បង​ប្អូន ក្រុម​ការងារ ដើម្បី​ជជែក​ពិភាក្សា​ពី​កិច្ច​ការ​ផ្សេងៗ​ទាក់​ទង​នឹង​នយោបាយ ទស្សនវិជ្ជា និង​មុខ​ជំនួញ​រក​ស៊ី​ជា​ដើម។

    លុះ​ដល់​អំឡុង​ឆ្នាំ ៣០០ មុន​គ.ស នៅ​ពេល​ដែល​ក្រិក​ក្រោម​ការ​ដឹកនាំ​របស់​ស្ដេច​សង្គ្រាម Alexander the Great (ដឹកនាំ​ពី​ឆ្នាំ ៣៣៤ ដល់​ ៣២៣ មុន​គ.ស) បាន​ធ្វើ​វាតទី​ទឹក​ដី​ជា​ច្រើន ប៉ុន្តែ​បាន​ចាញ់​សមរភូមិ​មួយ​ចំនួន​ក្រោម​ថ្វី​ដៃ​ពួក​ពែក្ស (អាណាចក្រ​ដែល​មាន​ទឹក​ដី​មួយ​ចំនួន​ធំ​គ្របដណ្ដប់​លើ​អ៊ីរ៉ង់​បច្ចុប្បន្ន)។ ការ​ចាញ់​នេះ មួយ​ផ្នែក​គឺ​ដោយ​សារ​តែ​​ដោយ​ទ័ព​ក្រិក​បាន​ទុក​ពុក​ចង្កា​វែង​ពេក ដែល​ងាយ​ស្រួល​ធ្វើ​ឲ្យ​ទ័ព​ពែក្ស​ងាយ​ស្រួល​ក្នុង​ការ​ទាញ​ទម្លាក់​ពី​លើ​សេះ ក្នុង​អំឡុង​ពេល​ចម្បាំង។ នៅ​ពេល​នោះ Alexander the Great ក៏បានចេញ​បញ្ជា​ឲ្យ​ទាហាន​ទ្រង់​កោរ​ពុក​ចង្កា​ចោល។ យូរ​ទៅ ការ​កោរ​ពុក​ចង្កា​ក៏​បាន​ក្លាយ​ជា​ម៉ូត​ពេញ​និយម​សម្រាប់​បុរស​ទូទៅ​នៅ​ក្រិកបុរាណ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ឧស្សាហ៍​ទៅ​ហាង​កាត់​សក់។

    គំនិតនៃការបង្កើតហាងកាត់សក់ក៏បានចាប់ផ្ដើមពីពេលនោះមក រហូតសាយភាយទៅបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ដូចដែលបានឃើញសព្វថ្ងៃ៕

    អត្ថបទទាក់ទង